(ភ្នំពេញ)៖ ប្រមុខការពារជាតិរបស់ចិន នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ បានទូរស័ព្ទដោយផ្ទាល់មកកាន់ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ ដោយបានជជែកគ្នាយ៉ាងច្រើនចំពោះមុខ នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន និងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោកផងដែរ។
ក្នុងជំនួបតាមទូរស័ព្ទនេះ ប្រមុខការពារជាតិ នៃប្រទេសដែលចាត់ទុកគ្នាជាមិត្តដែកថែប បានឆ្លៀតពេលថ្លែងអំណរគុណគ្នាទៅវិញទៅមកក្នុងកិច្ចសហការជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយក៏បានឆ្លៀតថ្លែងរៀបរាប់ពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះផងដែរ។
ការរីករាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្នកំពុងក្លាយទៅជាសង្គ្រាមពាក្យសម្តីថ្មីមួយរវាងមហាអំណាចលើលោកចិន និងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក បានព្យាយាមប្រើវោហាស័ព្ទ វាយសំពងចិន ដោយបានចោទប្រកាន់ថា ចិនជាអ្នកបង្កឱ្យមេរោគកូវីដ-១៩ រីករាលដាលទៅលើពិភពលោក និងបង្កើតទៅជាវិនាសកម្ម។
ការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួននៅលោកខាងលិចថា ចិនជាអ្នកធ្វើឱ្យមេរោគកូវីដ-១៩ រីករាលដាលទៅលើពិភពលោកនេះ ក៏ជាប្រធានបទដ៏សំខាន់ ក្នុងជំនួបតាមទូរស័ព្ទដ៏កម្ររវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរផងដែរ។
ប្រមុខការពារជាតិរបស់ចិន នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ បានប្រាប់សម្តេចពិជ័យសេនា ទៀ បាញ់ ថា មនុស្សជាតិរស់នៅក្នុងសហគមន៍តែមួយ ចំពោះមុខនៃការរីករាលជំងឺកូវីដ-១៩នេះ គួរតែរួមដៃគ្នាប្រយុទ្ធនឹងជំងឺនេះ។ លោកបានលើកឡើងថា ប្រទេសចិន បានចាត់វិធានការជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ ដូចជារាយការណ៍ភ្លាមៗនៅពេលសង្កេតឃើញមាន រោគសញ្ញាជំងឺកូវីដ១៩ និងចាត់វិធានការដើម្បីព្យាបាល។ ភាគីចិន ក៏បានជូនដំណឹងទៅបណ្តាប្រទេសនីមួយៗ ចែករំលែកបទពិសោធន៍ និងផ្តល់ជំនួយជូនសហគមន៍អន្តរជាតិ។
នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ បានលើកឡើងបន្តថា ប្រទេសចិន បានចំណាយពលកម្ម កិច្ចខិតខំប្រឹងប្រែងជាច្រើនជូនប្រទេសទូទាំងសកលលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ប្រមុខការពារជាតិចិន ក៏បានឆ្លៀតវាយបកទៅអាមេរិក និងបណ្តាប្រទេសដែលចោទចិនជាអ្នកធ្វើឱ្យរីករាលជំងឺកូវីដ១៩ថា មានគោលគំនិតអាក្រក់ដោយទម្លាក់កំហុសមកលើចិន និងបង្ខូចកិត្តិយសចិន។
នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ បានគូសបញ្ជាក់ថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការលាបពណ៌ទាំងអស់នោះ ហើយមកទល់បច្ចុប្បន្ន គ្មានភស្តុតាងណាដែលបញ្ជាក់ថា វីរុសនេះមកពីប្រទេសចិនឡើយ។ សូម្បីអង្គការសុខភាពពិភពលោក និងអ្នកជំនាញតាមប្រទេសមួយចំនួនក៏បញ្ជាក់ថា វីរុសនេះកើតពីធម្មជាតិដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ទៅប្រមុខការពារជាតិចិនវិញ សម្តេចមានការសោកស្តាយចំពោះអ្នកវិភាគនយោបាយ អ្នកសារព័ត៌មានបរទេស ជាពិសេសប្រទេសលោកខាងលិចមួយចំនួន ដែលបានលើកឡើងខុសពីការពិតក្នុងការចោទប្រកាន់ប្រទេសចិន។
សម្រាប់សម្តេចពិជ័យសេនា បានមើលឃើញថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ ដូចជាបានសហការជាមួយអង្គការសុខភាពពិភពលោក ដើម្បីស្វែងរកវិធីបង្ការ ការពារ ទប់ស្កាត់ ព្យាបាលជំងឺកូវីដ-១៩ និងបានធ្វើការផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវបំផុតនេះ។ បន្ថែមពីលើនោះ ចិនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់ប្រទេសជាច្រើននៅលើសកលលោក តាមរយៈបញ្ជូនក្រុមគ្រូពេទ្យ សម្ភារៈពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ទាំងផ្នែកយោធា និងស៊ីវិល ដែលជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិពិតៗ ដើម្បីរួមគ្នាទប់ស្កាត់ និងយកជ័យជម្នះលើជំងឺមួយនេះ។
សម្តេចពិជ័យសេនាប្រមុខការពារជាតិកម្ពុជា បានអះអាងថា កម្ពុជាប្រឆាំងដាច់ខាតចំពោះការចោទប្រកាន់ចិនថា ជាបង្កវិនាសកម្ម និងនាំឱ្យមេរោគរីករាលដាល។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់បែបនេះ «កម្ពុជាសូមប្រឆាំងដាច់ខាតចំពោះនយោបាយទម្លាក់កំហុស ការរើសអើងជាតិសាសន៍ ការចោទប្រកាន់ និងការស្តីបន្ទោសខុសពីការពិត ពីព្រោះនេះ គឺជាពេលវេលាដែលចាំបាច់បំផុត ដែលទាមទារឱ្យសហគមន៍អន្តរជាតិរួមដៃគ្នាដាក់ចេញនូវវិធានការ សហការគ្នាក្នុងវិស័យសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ»។
សូមបញ្ជាក់ថា ក្រសួងការពារប្រទេសចិន ក៏បានរួមចំណែកផ្តល់សម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយចំនួនធំមកក្រសួងការពារជាតិកម្ពុជាផងដែរ។ នៅក្នុងជំនួបនេះប្រមុខការពារជាតិ បានប្រកាសថា ក្រសួងការពារប្រទេសចិន នឹងផ្តល់ជំនួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះឱ្យអស់លទ្ធភាព ប្រសិនបើកងទ័ពកម្ពុជាមានសំណូមពរ។
ក្នុងជំនួបតាមទូរស័ព្ទនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឆ្លៀតថ្លែងអំណរគុណអង្គការសុខភាពពិភពលោក ដែលបានផ្តល់ការគាំទ្រចំពោះវិធានការ និងចំណាត់ការរបស់រដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ក្នុងងការរួមចំណែកយ៉ាងសកម្មប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ តាមរយៈបរិច្ចាគថវិកា ចូលក្នុងមូលនិធិរបស់អង្គការសុខភាពពិភពលោក។