(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំលើកទីបីស្តីពីធុរកិច្ចរបស់ប្រទេស CLMV-ឥណ្ឌា ដែលបានប្រព្រឹត្តទៅនៅទីក្រុង Chennai ប្រទេស ឥណ្ឌា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ស៊ុន ចាន់ថុល បានព្យាយាមទាក់ទាញអ្នកវិនិយោគ ក៏ដូចជាធុរជនមកពី ឡាវ មីយ៉ាន់ម៉ា វៀតណាម និង ឥណ្ឌា ឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដោយបានលើកបង្ហាញពីអំណោយផល និង សក្តានុ ពលវិនិយោគជាច្រើននៅកម្ពុជា។
ការព្យាយាមទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា បានធ្វើឡើងក្នុឱកាសដែលលោក ស៊ុន ចាន់ថុល អញ្ចើញធ្វើ ជាវាគ្មិន នៃជំនួបពិគ្រោះយោបល់លើប្រធានបទស្តីពី «ការបង្កើនការវិនិយោគ និងការផលិតនៅក្នុងតំបន់ CLMV៖ បញ្ហាចាំបាច់ ទាក់ទងនឹងហិរញ្ញវត្ថុ» ក្នុងអំឡុងពេល នៃកិច្ចប្រជុំលើកទីបី ស្តីពីធុរកិច្ចរបស់ប្រទេស CLMV-ឥណ្ឌា ដែលបានប្រព្រឹត្តទៅនៅទី ក្រុង Chennai ប្រទេសឥណ្ឌា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីធុរជនមកពីវិស័យឯកជន ក្នុងប្រទេសកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា និងប្រទេសឥណ្ឌាជាច្រើនរូប។
លោក ស៊ុន ចាន់ថុល បានប្រាប់ធុរជនទាំងនោះថា សេដ្ឋកិច្ចប្រទេសកម្ពុជា មានកើនឡើងប្រមាណ ៧,៧ភាគរយ គិតជាមធ្យម ក្នុងមួយឆ្នាំក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។ របាយការណ៍ធនាគារពិភពលោកឲ្យដឹងថា កម្ពុជាជាប្រទេសឋិតក្នុងចំ ណាត់ថ្នាក់ទី៦ ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅក្នុងពិភពលោក ជាមួយនឹងរបបគ្រប់គ្រងការវិនិយោគបើកចំហបំផុត នៅក្នុងតំបន់។
លោក ស៊ុន ចាន់ថុល បានបន្តថា ច្បាប់វិនិយោគនៅកម្ពុជា ផ្តល់ការលើកទឹកចិត្តជាច្រើនដល់វិនិយោគិនដូចជា៖ ពន្ធលើប្រាក់ ចំណូលក្រុមហ៊ុនកម្រិតទាបប្រមាណ២០% ការផ្តល់ជូនការអនុគ្រោះលើការរួចពន្ធរយៈពេលដល់ ៩ឆ្នាំ គ្មានការដាក់កម្រិតលើ ម្ចាស់កម្មសិទ្ធិក្រុមហ៊ុននៅគ្រប់វិស័យសេដ្ឋកិច្ចទាំងអស់ គ្មានការគ្រប់គ្រងលើរូបីយបណ្ណ គ្មានការធ្វើជាតូបនីយកម្ម និង គ្រប់គ្រង ថ្លៃ។ លើសពីនេះទៀត ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ពីបណ្តាប្រទេសជាច្រើន និងគម្រោងអ្វីៗគ្រប់យ៉ាងលើកលែងអាវុធ (EBA) ពីសហភាពអឺរ៉ុប ដែលអនុញ្ញាតឲ្យនាំផលិតផលចេញទៅសហភាពអឺរ៉ុប មិន ជាប់ពន្ធ និងមិនកម្រិតកូតាលើផលិតផល ដែលផលិតដោយប្រជាជនកម្ពុជាស្ទើរតែទាំងអស់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអ្នកចូលរួមក្នុងជំនួបនោះ អំពីកំណែទម្រង់សំខាន់ៗ ដែលសម្រេចបាន និង កំ ពុងអនុវត្តបន្តនៅក្នុងក្រសួងពាណិជ្ជកម្ម។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់ នៃប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីសម្រាប់ ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ និង ការចុះបញ្ជីក្រុមហ៊ុន ដែលបានដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ និងសារសំខាន់ នៃគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលទើបត្រូវបានអនុម័តនាពេលថ្មីៗ នេះ ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យឈានឡើងមួយកម្រិតទៀត។
ក្នុងដំណើរចូលរួមកិច្ចប្រជុំនៅប្រទេសឥណ្ឌានេះ លោក ស៊ុន ចាន់ថុល ក៏បានជួបពិភាក្សាជាមួយលោកស្រី Nirmala Sithara man រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាផងដែរ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការជំរុញពាណិជ្ជកម្ម និង ការវិនិ យោគរវាងប្រទេសកម្ពុជា និង ឥណ្ឌា។
លោកស្រី Nirmala Sitharaman បានសម្តែងនូវចំណាប់អារម្មណ៍ នៃការចង់វិនិយោគរបស់វិនិយោគិនឥណ្ឌានៅកម្ពុជា ទៅលើវិ ស័យជាច្រើន ជាពិសេសវិស័យរថយន្តនិងកសិកម្ម។ លោកស្រី បានស្នើឲ្យភាគីកម្ពុជា ធ្វើបញ្ជីគម្រោងសក្កានុពលនានា ហើយ ផ្ញើជូនភាគីឥណ្ឌា ដើម្បីដាក់ជូនលោកស្រីពិនិត្យ។
លោកស្រី Nirmala Sitharaman ក៏បានបង្ហើបពីគម្រោងដំណើរទស្សនកិច្ចរបស់វិនិយោគិនឥណ្ឌា មកកាន់កម្ពុជា ដើម្បីស្វែង យល់ និងវាយតម្លៃអំពីកាលានុវត្ថភាពពាណិជ្ជកម្ម និង វិនិយោគ ដ៏ទូលំទូលាយនៅកម្ពុជា៕