(កោះកុង)៖ នាព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២០នេះ លោក រដ្ឋមន្ត្រី ព្រុំ សុខា រួមដំណើរដោយអស់លោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីរាជការនៃអង្គភាពវាយតម្លៃសេវាសាធារណៈ នៃក្រសួងមុខងារសាធារណៈបានចុះទៅពិនិត្យស្នាដៃការងាររបស់គ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យ ខេត្តកោះកុង ក្នុងការប្រយុទ្ធជំងឺកូវីដ១៩ ។
ក្រោយពីរបាយការណ៍របស់ លោក ហៃ ឡៃ សុង ប្រធានមន្ទីពេទ្យខេត្តកោះកុងពីស្នាដៃការងាររបស់គ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យខេត្តកោះកុង ក្នុងការប្រយុទ្ធជំងឺកូវីដ១៩ និងមតិស្វាគមន៍របស់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងកោតសរសើរចំពោះកិច្ចសហការរវាងអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋបាលដែនដីខេត្តជាមួយផ្នែកជំនាញសុខាភិបាលខេត្ត ពិសេសមន្ទីរពេទ្យខេត្តកោះកុងដោយបានទទួលការចូលរួម ជ្រោម ជ្រែង ជាទូទៅពីមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលបានសម្រេចលទ្ធផលការងារយ៉ាងល្អប្រសើរក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាជន សាកសមជាអង្គភាពគំរូដែលធ្លាប់បានទទួលជ័យលាភីលេខ១ កម្រិត២ ក្នុងឆ្នាំកន្លងទៅ។
ស្នាដៃនេះពិតជាបានរួមចំណែកពង្រឹងសុខភាពសាធារណៈ បង្ការ ទប់ស្កាត់ និងព្យាបាលបានទាន់ពេលវេលាមិនឱ្យមេរោគកូរ៉ូណាថ្មីនៃជំងឺកូវីដ១៩ឆ្លងចូលសហគមន៍ក្នុងខេត្តកោះកុង ។ ជាក់ស្តែង អ្នកសង្ស័យផ្ទុកមេរោគចំនួន៦៥នាក់ និងអ្នកដែលមានជំងឺកូវីដ១៩ ចំនួន២នាក់ ត្រូវបានថែទាំ ពិនិត្យ ព្យាបាលយ៉ាងយកចិត្តទុកដាក់ និងបានជាសះស្បើយជាស្ថាពរទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានរំលឹកថាទោះបីមកដល់ពេលនេះយើងទទួលបានលទ្ធផលល្អក្នុងការប្រយុទ្ធនឹងជំងឺ កូវីដ១៩ក៏ដោយក្តី ប៉ុន្តែដោយសារជំងឺឆ្លងជាសកលដ៏កាចសាហាវនេះ នៅតែជាគ្រោះថ្នាក់ដែលកំពុងបន្តគំរាមកំហែងអាយុជីវិតប្រជាជនទូទាំងពិភពលោកនៅឡើយនោះ អាជ្ញាធរដែនដី សមត្ថកិច្ចជំនាញសុខាភិបាលរបស់យើងត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែបានខ្លាំងក្លាថែមទៀត ដោយមិនត្រូវបន្ធូរដៃក្នុងការអប់រំវេជ្ជសាស្ត្រ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជាប្រចាំ និងប្រមូលផ្តុំឱ្យបាននូវកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ចូលរួមបន្តប្រយុទ្ធឱ្យឈ្នះជំងឺកូវីដ១៩ ទន្ទឹមនឹងតស៊ូ ពុះពាររាល់ការលំបាកជាបណ្តោះអាសន្ន ដែលបណ្តាលមកពីផលប៉ះពាល់នៃកូវីដ១៩ ដើម្បីអនាគតល្អប្រសើររបស់សង្គមជាតិ និងប្រជាជនយើង។
នៅចុងបញ្ចប់ ប្រតិភូក្រសួងមុខងារសាធារណៈក៏បាន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តផងដែរ៕