(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) នឹងបន្តជួបគ្នាជាថ្មីម្តង ទៀត នៅរម៉ោង២ រសៀលថ្ងៃទី១៣ ខែមករា នៅរដ្ឋសភា ដើម្បីពិភាក្សា និងត្រួតពិនិត្យបន្តទៀត លើមាត្រាមួយចំនួន នៃសេចក្តី ព្រាងច្បាប់សហជីព ដែលមិនទាន់បានយល់ស្របគ្នា។
ក្រុមការងារគណៈកម្មការចំពោះកិច្ចគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី០៤ ខែមករា បាន ជួបពិភាក្សាគ្នាម្តងរួចមកហើយ។ ក្នុងកិច្ចប្រជុំនោះក្រុមការងារបានពិភាក្សាទៅលើចំណុចចំនួន២១ ដែលសហជីពមិនពេញចិត្ត។
បើតាមការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និង ជាសមាជិកគណៈកម្មការចំពោះកិច្ច របស់គណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី០៤ ខែមករា ថាក្នុងចំណុចដែលអង្គការសហជីព ដាក់នោះ ត្រូវបានលើកឡើងមួយចំណុចម្តងមៗតាមមាត្រា នៃច្បាប់សហជីព ដែលមាន ១៧ជំពូក និង១០០មាត្រា។ ក្នុងជំនួប នោះ គណៈកម្មការចំពោះកិច្ច បានពិភាក្សា ឯកភាពគ្នា បាន ២មាត្រា គឺមាត្រា៣ និងមាត្រា៤។
លោក សុខ ឥសាន បានពន្យល់ថា «មាត្រា៣ ចែងពីវិសាលភាព នៃការដាក់បញ្ចូលអ្វីទៅ នៃអង្គការ សហជីព និងមាត្រា៤ រចនា សម្ព័ន្ធ របស់សហជីព គឺក្នុងច្បាប់សហជីពចំនួន ៩នាក់ ក្រោយពិភាក្សាគ្នាឯកភាពចំនួន ៧នាក់ ហើយសហភាព សម្ព័ន្ធសហជីព ចុះមកចំនួន ៥នាក់។ ចំណុចនឹងមិនមែនគណៈកម្មការជាអ្នកសម្រេចទំាងស្រុងនោះទេ គ្រាន់តែឯកភាពគ្នាតែអ្វីជាអ្នកសម្រេច នឹងដាក់ទៅក្នុងអង្គប្រជុំសភាជាអ្នកសម្រេច»។
លោក សុន ឆ័យ តំណាងគណៈកម្មការចំពោះកិច្ចមកគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា កិច្ចពិភាក្សានោះ មិនទាន់សម្រេច យ៉ាងណានោះទេ គឺទុកឲ្យសហជីពជាអ្នកសម្រេចទទួលយក ឬយ៉ាងណានោះ។
លោកបន្តថា ក្នុងជំពូក២ ជាចំណុចសំខាន់មួយក្នុងចំណោមចំណុចទាំង២១ ដែលជាសំណើរបស់សហជីព។ ជំពូកនេះ និយាយ ពីសមាសភាព នៃការបង្កើតសហជីព។ ត្រង់ចំណុចនេះ គណបក្សប្រជាជនកម្ពុជា ចង់បានច្រើន ប៉ុន្តែសហជីពចង់បានតិច។ លោក សុន ឆ័យ បន្តថា មាត្រា១៣ ក៏មិនបានឯកភាពគ្នាដែរ។ មាត្រានេះស្តីពី ការប្រជុំធ្វើកូដកម្មរបស់សហជីព។
បើតាមកលោក សុខ ឥសាន សមាជិកគណៈកម្មការចំពោះកិច្ច របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការពិភាក្សាគ្នានឹង បន្តយូរទៀត ពីព្រោះការពិភាក្សានេះ សុទ្ធតែជាប្រយោជន៍របស់អង្គការសហជីព៕