(ស្វាយរៀង)៖ ដើម្បីកែលម្អរសោភ័ណភាពស្រុករមាសហែក ខេត្តស្វាយរៀង ឱ្យរឹតតែមានភាពទាក់ទាញនោះលោក សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករមាសហែក បានឧបត្ថម្ភបង្គោលអំពូលភ្លើងសូឡាវ៉ាត់ធំចំនួន ៣០០ដើម សម្រាប់ដាក់បំភ្លឺសង្ខាងផ្លូវសាធារណៈ នៅទីរួមស្រុកដែលពីមុនពុំធ្លាប់មានទាល់តែសោះ និងក៏មានការជួយឧបត្ថម្ភពីសប្បុរសជន នូវបង្គោលភ្លើងចំនួន ៤៩៨ដើម បន្ថែមទៀត ដល់រដ្ឋបាលស្រុក ដើម្បីចាត់ចែងដាក់តាមគោលដៅសំខាន់ៗផងដែរ។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែឧសភានេះ ថា ដោយមានការយកចិត្តដាក់ខ្ពស់ពីលោកលោក សៅ សុខា ជាប្រធានក្រុមការងារ ដើម្បីធ្វើឱ្យមូលដ្ឋានស្រុក មានការរីកចម្រើន ជាបន្តបន្ទាប់នោះ លោកប្រធានក្រុមការងារក៏បានជួយឧបត្ថម្ភគាំទ្រដល់ការកែលម្អរសោភណ្ឌភាពទីរួមស្រុកឱ្យមានភាពទាក់ទាញ និងមានភ្លើងបំភ្លឺនាពេលរាត្រី ផងដែរ។
លោក ស៊ូ ម៉ុល បានបញ្ជាក់ថា បង្គោលអំពូលភ្លើងសូឡាខ្ពស់ ដែលមានវ៉ាត់ធំចំនួន ៣០០ដើម ដែលជាអំណោយរបស់លោក សៅ សុខា និងក៏មានការជួយឧបត្ថម្ភបង្គោលភ្លើង ធម្មតាពីសប្បុរសជន៤៩៨ដើមទៀត សរុប៧៩៨ដើម ដល់រដ្ឋបាលស្រុកដើម្បីដាក់អម សងខាងផ្លូវ កន្លែងសាធារណៈសំខាន់ៗដូចជា៖ សាលាឃុំ ផ្សារ សាលារៀន មណ្ឌលសុខភាព អធិការដ្ឋានសាលាស្រុកជាដើម។
លោកបានបន្ថែមទៀតថា រដ្ឋបាលស្រុករមាសហែក ពិតជាមានមោទនភាព ដែលបានទទួលសមិទ្ធផលថ្មីបន្ថែម លើសមិទ្ធផលជាច្រើនទៀត ហើយជួសមុខអោយប្រជាពលរដ្ឋក្នុងស្រុករមាសហែក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សៅ សុខា ដែលបានឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលស្រុក និងអរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមសហការ និងផ្តល់ជាថវិកាព្រមទាំង សម្ភារផ្សេងៗផងដែរ ដើម្បីគាំទ្ររាល់គំរោងអភិវឌ្ឍន៍របស់ស្រុក។
ប្រជាពលរដ្ឋ សង្ឃឹមថា ការចាប់ផ្តើមឱ្យមានបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈនាពេលនេះ នឹងបើកទំព័រថ្មីសម្រាប់ស្រុករមាសហែក ដើម្បីបន្តរៀបចំ ឱ្យរឹតតែមានសោភ័ណភាពទាក់ទាញ ទាំងសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ហើយក៏ជាការគិតគូរពីសុខទុករាស្ត្រ ពីលោកអភិបាលស្រុកវ័យក្មេង ដែលទើបតែឡើងកាន់តំណែងថ្មីៗ ប្រជាពលរដ្ឋតែងតែកោតសរសើរពេញៗមាត់ ក្នុងការដឹកនាំរបស់លោកផងដែរ៕