(ភ្នំពេញ)៖ ចំពោះម្ចាស់រថយន្ដ ផាសអេប និងម៉ូតូដែលមានបង្កាន់ដៃ ធ្វើស្លាកលេខពីខាងក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្ដែមិនទាន់បានទទួលស្លាកលេខ គឺនឹងមិនទទួលការផាក ពិន័យឡើយ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។
សូមរំលឹកថា ក្នុងអនុក្រឹត្យថ្មី ស្តីពីការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បានកំណត់ថា អ្នកបើកបរយានយន្ដ ដោយគ្មានបណ្ណសំគាល់យាន និង/ឬគ្មានផ្លាកលេខ ត្រូវពិន័យទឹកប្រាក់ ១,២០០,០០០រៀល សម្រាប់យានយន្តធុនស្រាល និងពិន័យទឹកប្រាក់២,៤០០,០០០រៀល សម្រាប់យានយន្តធុនធ្ងន់។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសយកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ក្នុងការរឹតបន្តឹងអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការផាកពិន័យទឹកប្រាក់ច្រើន ចំពោះអ្នកល្មើស និងបំពានច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងរយៈពេល៧ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គស្នងការដ្ឋាន នគរបាលជាតិ មានយានយន្ដចំនួន១៣,៩៦៨គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស៕