(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានទទួលអំណោយជាសម្ភារ: និងថវិកាពីសប្បុរសជន តាមមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីជួយទ្រទ្រង់សកម្មភាពកាកបាទក្រហមក្នុងខេត្ត ក្នុងឱកាសអបអរសារទរ ខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។
លោក ប្រាក់ សុវណ្ណ បានថ្លែងថា ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកស្រី ជាប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ក៏ដូចជាសប្បុរសនានា ដែលតែងតែបាននាំអំណោយតាមរយ:គៀងគរថវិកា និងសម្ភារ:ដោយស្ម័គ្រចិត្តពីសប្បុរសជនយកមកបម្រើប្រើប្រាស់ ជាប្រយោជន៍មនុស្សធម៌ និងចែកជូនជនរងគ្រោះទូទៅ កើតឡើងដោយសារគ្រោះធម្មជាតិ ជនក្រីក្រចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា។
លោក ប្រាក់ សុវណ្ណ បញ្ជាក់ទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែចង្អុលបង្ហាញជាប្រចាំដល់សាខា អនុសាខា ត្រូវចុះពិនិត្យមើល ព្រមទាំងជួយជាសម្ភារ ថវិកា និងលើកទឹកចិត្តដល់អ្នកដែលជួបវិបត្តិទាំងអស់នោះហើយសាខា អនុសាខា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវធ្វេសប្រហែសក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ ហើយក៏មិនអនុញ្ញាតឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារនោះឡើយ។
លោក ប្រាក់ សុវណ្ណ ក៏បានធ្វើការអំពាវនាវដល់ក្រុមហ៊ុន សហគ្រាស និងសប្បុរសជននានាក្នុងខេត្ត សូមចូលរួមបរិច្ចាគថវិកា សម្ភារ ដោយស្មគ្រ័ចិត្ត ចូលរួមចំណែក ជាមួយកាកបាទក្រហម ដើម្បីបំរើសកម្មភាពមនុស្សធម៍ជួយជនរងគ្រោះផ្សេងៗ។
សូមបញ្ជាក់ថា ថវិកាដែលទទួលបានក្នុងឱកាសនេះរួមមាន៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនថវិកា២០លានរៀល អង្ករ១តោន ទឹកក្រូច ២០កេស ទឹកសុទ្ធ៥កេស និងមន្ត្រីរាជការក្នុងមន្ទីរចំនួន៩០ម៉ឺនរៀល, លោក សំ សារឿន ប្រធានមន្ទីរដែនដីថវិកា ៥លានរៀល, លោក ម៉ប់ ធិរឹត ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត ថវិកា៤លានរៀល, លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តថវិកា៣លានរៀល, លោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តថវិកា១លានរៀល, លោក អ៊ុង វុឌ្ឍី អភិបាលរងខេត្តថវិកា ១លានរៀល, លោក សុក សាន្តតារ៉ា អភិបាលស្រុកឆែប ថវិកា ១.៥លានរៀល, លោក សុខ មុនីរិទ្ធ អភិបាលរងស្រុកឆែប ថវិកា៥០ម៉ឺនរៀល ព្រមទាំងមន្ទីរអង្គភាពជាច្រើនទៀត៕