(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋដែលរស់នៅក្រុងតាខ្មៅ ពិសេសអ្នកធ្វើតាមដំណើរតាមផ្លូវជាតិលេខ២១អា បានត្អូញត្អែរថា ក្រុមឡានដឹកខ្សាច់ និងដឹកដី បើកព្រហើនៗណាស់ ហើយដីខ្សាច់តែងតែកំពប់លើថ្នល់ បង្កបញ្ហាហុយចូលភ្នែក ចូលច្រមុះ និងនាំឱ្យកើតចិត្តក្ដៅក្រហាយសៅហ្មងយ៉ាងខ្លាំងដល់ពួកគាត់។
តាមរយៈភ្នាក់ងារអង្គភាពព័ត៌មាន Fresh News នាថ្ងៃទី៨ ខែឧសភាពនេះ ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរខេត្តកណ្ដាល មានលោក នៃ ចារី ជាអភិបាលរងខេត្តទទួលបន្ទុក, លោក ជា សារិទ្ធិ ប្រធានមន្ទីររ៉ែ និងថាមពល, លោក វ៉ែន សុវិន ស្នងការរងទទួលផែនចរាចរណ៍, លោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងពិសេសសំណូមពរដល់អភិបាលក្រុងតាខ្មៅ លោក នូ សុវណ្ណារ៉ា ចាត់វិធានការរឿងនេះ ដើម្បីបរិស្ថានផង និងដើម្បីសុខសុវត្ថិភាពចរាចរណ៍ផង។
ប្រជាពលរដ្ឋបានបន្ថែមថា ពួកគាត់មិនហ៊ានបដិសេធចំពោះពាក្យថា ការអភិវឌ្ឍនោះទេ ហើយក៏សាទរចំពោះការអភិវឌ្ឍដោយមិនអាចខ្វះខ្សាច់បាន ប៉ុន្តែអ្វីដែលសំខាន់ គឺសូមគោរពតាមច្បាប់ និងសូមអ្នកអនុវត្តន៍ច្បាប់ មេត្តាធ្វើការឱ្យហ្មត់ចត់ច្បាស់ៗផង និងចៀសវាងជំពាក់វាក់វិន ដែលនាំឱ្យការងារគ្មានប្រសិទ្ធភាព។
«ពិតណាស់សង្គមយើង គឺជាសង្គមកំពុងអភិវឌ្ឍន៍ ហើយការអនុវត្តន៍ច្បាប់ក៏ត្រូវឱ្យមានប្រសិទ្ធភាពផងដែរ ខណៈការរឹតបន្តឹងចរាចរណ៍បាន និងកំពុងធ្វើឡើង ប៉ុន្តែបែរជាឃើញខាងឡានដឹកធំៗ បែជាពុំសូវប្រើកណ្ដាប់ដៃដែក ដូចប្រើមកលើប្រជាពលរដ្ឋសោះ ដែលនាំឲ្យពួកគាត់សែនឆ្ងល់ និងរំពឹងទុកថា ក្រុមអស់លោកអាជ្ញាធរពាក់ព័ន្ធ មិនមែនជាមន្ត្រីជើង១០តទៅទៀត»។ ពលរដ្ឋបញ្ជាក់។
ប្រជាពលរដ្ឋដដែលបន្តទៀតថា គួរឲ្យស្ដាយឈ្មោះក្រុងតាខ្មៅ គឺជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ប៉ុន្តែបែមកត្រូវអស់កេរ្តិ៍ឈ្មោះដោយសារអ្នកបំពាន និងអ្នកអនុវត្តន៍ច្បាប់ដែលព្រងើយ កន្តើយលើបញ្ហានេះទៅវិញ។ ប្រជាពលរដ្ឋសង្ឃឹមទុកជាមុនថា «អ្វីៗនឹងល្អប្រសើរឡើង នៅពេលខាងមុខ បើមានដំណោះស្រាយ»។
ជុំវិញបញ្ហានេះ លោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បានប្រាប់តាមរយៈទូរស័ព្ទថា ជាដំបូងលោកសូមឆ្លងថ្នាក់ដឹកនាំសិន មិនចុះពិនិត្យដោយឯងៗបានទេ។
ចំពោះករណីខាងលើនេះដែរ លោក ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានប្រាប់តាមរយៈប្រព័ន្ធ Watsapp ថា ចំពោះដេប៉ូខ្សាច់ គឺគ្រប់គ្រងដោយអាជ្ញាធរខេត្ត ដោយឡែកការដឹកមិនសម្អាតផ្លូវ មិនគ្រប ត្រូវអនុវត្តសារាចរណ៍ណែនាំលេខ ០៣/១០ របស់ក្រសួងរ៉ែ គឺត្រូវផ្អាកគាត់ធ្វើអាជីវកម្ម១សប្តាហ៍ លើកទី១ លើកទី២ បើមានលើកទី៣ ក្រសួងនឹងលុបអាជ្ញាប័ណ្ណដេប៉ូខ្សាច់នោះតែម្តង។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មួយជួរផ្លូវ២១អា នៅក្រុងតាខ្មៅ មានដេប៉ូខ្សាច់ជាង១០ដេប៉ូ ហើយដេប៉ូនីមួយៗមានម្ចាស់ជាមានអំណាច និងបុណ្យសក្ដិធំៗ ទើបបានជាពួកគេមិនសូវខ្លាចអាជ្ញាធរខេត្ត ឬអាជ្ញាធរពាក់ព័ន្ធនោះឡើយ ខណៈគេដឹងថាមនុស្សមួយចំនួន ទទួលបានលាភសក្ការៈជាថ្នូរនឹងភាពរលូនល្អនៃអាជីវកម្ម និងគ្មានការរំខានណាមួយ៕