(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូ ចូលគោរពវិញ្ញាណក្ខន្ធសព លោក ណូក បឹង ប្រធានក្រុមប្រឹក្សាឃុំកោះជុំ ស្រុកកណ្តៀង ដែលទទួលមរណភាព កាលពីវេលាម៉ោង ០៤៖១៤នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៦៤ឆ្នាំ បន្ទាប់ពីទទួលបានការថែទាំសុខភាព អស់រយៈពេល ប៉ុន្មានខែកន្លងមក។
ពិធីគោរពវិញ្ញាណក្ខន្ធសព ធ្វើឡើងនៅគេហដ្ឋាននៃសព ដែលស្ថិតក្នុងភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន តាងនាមជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីក្រៀមក្រំ ក្តុកក្តួលរំជួលចិត្ត សោកស្តាយក្រៃលែង ចំពោះការបាត់បង់ លោក ណូក បឹង ប្រធានក្រុមប្រឹក្សាឃុំកោះជុំនាពេលនេះ។
លោកបានចាត់ទុកថា មរណៈភាពរបស់លោក ណូក បឹង គឺជាការបាត់បង់ថ្នាក់ដឹកនាំឃុំដ៏ល្អមួយរូប ដែលបានបម្រើប្រជាពលរដ្ឋ ប្រកបដោយសទ្ធាជ្រះថ្លាជ្រាលជ្រៅ ក្នុងការងារមនុស្សធម៌ និងការងារព្រះពុទ្ធសាសនា ព្រមទាំងជាការបាត់បង់ឪពុក ឪក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ដល់ក្រុមគ្រួសារ និងបានអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅបានក្លាយជាពលរដ្ឋល្អ។
ស្ថិតក្នុងស្ថានភាពដ៏ក្រៀមក្រំនេះ លោកអភិបាលខេត្ត សូមចូលរួមរំលែកនូវមរណទុក្ខ និងសេចក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទឹសបួងសួង ដល់វិញ្ញាណក្ខន្ធរបស់លោក ណូក បឹង បានសោយសុខ ក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។
នាឱកាសនោះលោក ម៉ៅ ធនិន បានប្រគល់សារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងបានឧបត្ថម្ភ អង្ករ ១០០គីឡូក្រាម ទឹកក្រូច ១៥កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកា ៥០ម៉ឺនរៀល ទុកចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕