(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សែម គន្ធា ស្នងការរងនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងចរាចរណ៍ជាច្រើនរូប ចុះរឹតបន្ដឹងច្បាប់ចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦អា ស្ពានទី៩ វត្ដពោធិ៍មាស ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសដឹកនាំកម្លាំងចរាចរណ៍ ចុះរឹតបន្ដឹងច្បាប់ចរាចរណ៍ ខាងលើនេះ លោកវរសេនីយ៍ឯក សែម គន្ធា ក៏បានធ្វើការចែកអាវពន្លឺ និងភេសជ្ជៈមួយចំនួន ចែកជូនដល់កម្លាំងចរាចរណ៍ ដែលកំពុងបំពេញការងារនៅទីនោះផងដែរ។
លោកវរសេនីយ៍ឯក សែម គន្ធា បានអប់រំណែនាំ ដល់នគរបាលចរាចរណ៍ ឲ្យអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ត្រឹមត្រូវ មានតម្លាភាព មិនមានការរើសអើង ស្មើភាពគ្នា ប្រកបដោយកាយវិការទន់ភ្លន់ សុភាពរាបសារ តែអនុវត្តច្បាប់ម៉ឺងម៉ាត់។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក សែម គន្ធា បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺកាត់បន្ថយគ្រោះថ្នាក់ កាត់បន្ថយនូវការធ្វើ ឲ្យខូចខាតមធ្យោបាយ កាត់បន្ថយការខាតបង់ថវិកា របស់ប្រជាពលរដ្ឋ កាត់បន្ថយរបួសស្នាម កាត់បន្ថយការស្លាប់ផងដែរ។
គូសបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គស្នងការដ្ឋាន នគរបាលជាតិ មានយានយន្ដចំនួន១៣,៩៦៨គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស៕