(ពោធិ៍សាត់)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានចុះបង្ក្រាបករណីដាំដុះរុក្ខជាតិញៀន (កញ្ឆា) មួយកន្លែង ព្រមទាំងដុតបំផ្លាញ និងដកហូតវត្ថុតាងបានមួយធំ។
ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង០២៖២០នាទីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចដីឡូដ៏របស់ឈ្មោះ សួន ស៊ីម ភេទស្រី អាយុ៥៣ឆ្នាំ ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យដែលបានដាំកញ្ឆាមានឈ្មោះ ពេញ ពិសិដ្ឋ ហៅពេជ្រ ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវជាកូនបង្កើតរបស់ឈ្មោះ សួន ស៊ីម (ម្ចាស់ដី)។
ជាលទ្ធផលកម្លាំងបានបំផ្លាញ និងដកហូតវត្ថុតាងរួមមាន៖
*ទី១៖ ដើមដើមកញ្ឆាស្រស់ ចំនួន ១៤៧ដើម
*ទី២៖ កញ្ឆាក្រៀម ចំនួន ០១ខាំ
*ទី៣៖ កាំភ្លើងកែច្នៃ (ស្នប់) ០១ដើម។
សេចក្តីរាយការណ៍បន្តថា វត្ថុតាងខាងលើយើងបានដកហូតបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ចំណែកម្ចាស់ដាំដុះកញ្ឆា ពេលសមត្ថកិច្ចចុះប្រតិបត្តិការមិននៅផ្ទះ យើងបានធ្វើកិច្ចសន្យា ឱ្យម្តាយធានានាំកូនចូលខ្លួន ដើម្បីធ្វើការអប់រំ នៅប៉ុស្តិ៍អូរតាប៉ោង។ បច្ចុប្បន្នវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរក្សាទុកបណ្ដោះអាសន្ន៕