(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន ជំរុញឲ្យប្រជាពលរដ្ឋគិតគូរ យកចិត្តទុកដាក់ថែរក្សា សុខភាពកុំមានការធ្វេសប្រហែសឲ្យសោះ បើទោះបីជាមួយរយៈចុងក្រោយនេះ ក្រសួងរកមិនឃើញ ករណីអ្នកឆ្លងថ្មីក៏ដោយ តែត្រូវបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មី Covid-19។
ការជំរុញនេះធ្វើឡើងខណៈលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ដល់ប្រជាពលរដ្ឋ ចាស់ជរា និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត មានទីលំនៅក្នុងសង្កាត់ចំនួន៥ ខណ្ឌចំការមន ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងបរិវេណអនុវិទ្យាល័យសុធារស។
អភិបាលខណ្ឌចំការមន ក្នុងពិធីចែកអំណោយក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព កុំមើលស្រាលចំពោះស្ថានភាពនៃជម្ងឺឆ្លងជាដាច់ខាត បើទោះបីជារយៈកាល ចុងក្រោយនេះក្រសួងសុខាភិបាលមិនមានរកឃើញអ្នកជម្ងឺឆ្លងថ្មីក៏ដោយ ហើយត្រូវស្តាប់ការចាក់ផ្សព្វផ្សាយតាមមេក្រូ នៅក្នុងភូមិសង្កាត់នាសព្វថ្ងៃនេះ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលឱ្យយើងចេះថែទាំសុខភាពឱ្យបានល្អ ដើម្បីទប់ស្កាត់ការឆ្លងមេរោគ COVID-19។
ជាមួយគ្នានេះលោក ថេង សុថុល ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការដឹកនាំចង្អុលបង្ហាញចំគោលដៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា គឺត្រូវឲ្យយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋក្រីក្រលំបាក ចាស់ជរាជួបការខ្វះខាត ឫគ្មានទីពឹងជាដើម «ពោលគឺជាជនងាយរងគ្រោះ» ដាច់ខាតមិនត្រូវមើលរំលងឡើយ។
ក្នុងនោះលោកអភិបាលខណ្ឌ ក៏បានបន្ថែមឲ្យដឹងទៀតថា ដើម្បីចូលរួមបង្ការទប់ស្កាត់នូវវីរុស COVID-19 នេះ សូមឲ្យប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើការដឹកនាំ និងធ្វើទៅតាមការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលពីវិធានការក្នុងការការពារនៃការឆ្លងមេរោគកូវីដ១៩នេះ។ ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បីជៀសផុតនូវការឆ្លង និងការរីករាលដាលនៃវីរុស COVID-19 នេះ។
សូមជម្រាបថា ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៨ ខែឧសភានេះ បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជម្ងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជម្ងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់ ចំណែកអ្នកកំពុងសំរាកព្យាបាលជម្ងឺមានចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។
គួរបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋមានចំនួន៥០គ្រួសារដែលក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ឃីតមួយកញ្ចប់តូច និងថវិកា មួយចំនួនផងដែរ៕