(ភ្នំពេញ)៖ លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានបញ្ជាក់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ នឹងបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមភ្លើងស្តុប ទីសាធារណៈ និងទីប្រជុំជននានា៦០០ កាមេរ៉ាបន្ថែមទៀត ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នេះបើតាម Facebook Page ផ្លូវការរបស់លោក។
លោក ប៉ា សុជាតិវង្ស បញ្ជាក់ថា «បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ២០០ កាមេរ៉ារួចហើយ។ ចំណែក៦០០ កាមេរ៉ាបន្ថែមនេះ នឹងខិតខំឱ្យសម្រេចនៅឆមាសទី១ឆ្នាំនេះ។ យើងនឹងធ្វើការ ខិតខំទាំងអស់គ្នាដើម្បី កែប្រែការគ្រប់គ្រងប្រព័ន្ធ ចរាចរណ៍ និងភ្លើងបំភ្លឺក្នុងរាជធានីយើង ទៅជាការគ្រប់គ្រងដោយប្រព័ន្ធ IT»។
តំណាងក្រុមហ៊ុន ZTE ដែលជាក្រុមហ៊ុនទទួលតំឡើងកាម៉េរ៉ានេះ បានលើកឡើងថា ការបំពាក់កាម៉េរ៉ានេះ នឹងធ្វើឡើងនៅតាមច្រកសំខាន់ៗមួយចំនួន នៅក្នុងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន ខណ្ឌចំការមានត្រូវបំពាក់ កាម៉េរ៉ាសុវត្ថិភាពចំនួន១៤៧គ្រឿង ខណ្ឌដូនពេញ១១៦គ្រឿង ខណ្ឌមករា ៧៥គ្រឿង ខណ្ឌទួលគោក៥៤គ្រឿង ខណ្ឌដង្កោ៨គ្រឿង ខណ្ឌមានជ័យ៥១គ្រឿង ខណ្ឌឬស្សីកែវ៥៣គ្រឿង ខណ្ឌសែនសុខ ២១គ្រឿង ពោធិសែនជ័យ២២គ្រឿង ខណ្ឌជ្រោយចង្វា១៩គ្រឿង ខណ្ឌព្រែកព្នៅ ៨គ្រឿង និងខណ្ឌច្បារអំពៅ២៦គ្រឿង៕