(ភ្នំពេញ)៖ សម្ភារបរិក្ខារពេទ្យ និងថវិកាមួយចំនួនរបស់មិត្ដចិន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើង នៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងតំណាងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។
សម្ភាររបស់មិត្ដចិននេះ គឺបានមកពីជំនួយឥតសំណងរបស់ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជា ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនឹងជំងឺកូវីដ១៩ ក្នុងនោះរួមមាន៖
១៖ ថវិកាចំនួន៥០,០០០ដុល្លារ
២៖ ម៉ាសវះកាត់ ចំនួន៥០,០០០ម៉ាស
៣៖ ម៉ាស N95 ចំនួន១ម៉ឺន
៤៖ ថ្នាំសម្លាប់មេរោគ ចំនួន១ពាន់លីត្រ
៥៖ ឱសថបុរាណចិន ចំនួន១ពាន់កញ្ចប់។
សម្ភារបរិក្ខារពេទ្យ ជាអំណោយរបស់ GUANGXI HEHE POVERTY RELIEF FOUNDATION និងក្រុមហ៊ុន GUANGXI &GLOBAL ENTERPRISE MANAGEMENT CO.,LTD តាមរយៈសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលមានម៉ាសវះកាត់ចំនួន ២៥តោន ស្មើនឹង១០ម៉ឺនម៉ាស គិតជាទឹកប្រាក់ប្រមាណ៣៥,០០០ដុល្លារ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជាមិត្ដដែកថែប ហើយតែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ឱ្យបានកាន់តែឆាប់រហ័ស។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា ជំនួយមនុស្សធម៌នេះ មិនត្រឹមតែចូលរួមចំណែកពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់ចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនកម្ពុជាផងដែរ៕