(ភ្នំពេញ)៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បាននិងកំពុងរិះរកដំណោះស្រាយ និងកំពុងប្រមូលធាតុចូលពីបណ្ដាអ្នកជំនាញ អ្នកប្រាជ្ញ ព្រមទាំងពីបណ្ដាប្រទេសជាសមាជិកនានា ដើម្បីដាក់ចេញនូវវិធាការ ឬដំណោះស្រាយរួម លើការដោះស្រាយផលប៉ះពាល់វិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ និងក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់។
ការឱ្យដឹងនេះត្រូវបានធ្វើឡើងក្រោយពេលរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន ចូលរួមប្រជុំជាមួយអង្គការទេសចរណ៍ពិភពលោក នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធ Video Conference ពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដោយមានការចូលរួមពីលោក ហ្ស៊ូរ៉ាប់ ផូឡូលិក សាស្វីល្លី (Zurab Pololiksashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក តំណាងអង្គការសុខភាពពិភពលោក អង្គការអន្តរជាតិផ្សេងៗ និងបណ្ដាប្រទេសជាសមាជិកជាង ១០០ ប្រទេស។
អ្នកជំនាញ និងអង្គការទេសចរណ៍ពិភពលោកបានបង្ហាញអំពីដំណោះស្រាយមួយចំនួន ដែលរដ្ឋជាសមាជិកអាចពិចារណា ដើម្បីដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ និងដំណាក់កាលក្រោយវិបត្តិ ក្នុងនោះរួមមាន៖ ការអនុវត្តវិធានសុវត្ថិភាព អនាម័យ សុខភាព ស្របតាមវិធាននានា ណែនាំដោយអង្គសុខភាពពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការរៀបចំផែនការបន្ទាប់វិបត្តិ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍កាន់តែខ្លាំងឡើង។
សន្និសីទបានផ្ដោតលើដំណោះស្រាយចំនួន៣ គឺដំណោះស្រាយសម្រាប់ប្រជាជន (Healing for People) ពោលគឺធានាឲ្យបាននូវសុវត្ថិភាព និងសុខភាពល្អប្រសើរដល់ទេសចរ ដំណោះស្រាយដើម្បីវិបុលភាព (Healing for Prosperity) ដោយផ្ដោតជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិតក្នុងអាជីវកម្មទេសចរណ៍ និងដំណោះស្រាយសម្រាប់គោលដៅទេសចរណ៍ (Healing for Destination) ពោលធ្វើឲ្យគោលដៅទេសចរណ៍មានភាពរស់រវើកឡើងវិញ និងកាន់តែរឹងមាំ។
អង្គការទេសចរណ៍ពិភពលោកនឹងរៀបចំជារបាយការណ៍រួមលម្អិតរំលេចអំពីដំណោះស្រាយទាំងនេះ សម្រាប់ជាធាតុចូលដល់ប្រទេសជាសមាជិកទាំងអស់។
ក្រោយចប់កិច្ចប្រជុំនេះ លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មកដល់ពេលនេះ អង្គការទេសចរណ៍ពិភពលោកមិនទាន់មានដំណោះស្រាយយ៉ាងណានៅឡើយទេ ចំពោះការដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ដោយសារវិបត្តិកូវីដនេះ ប៉ុន្តែការអនុវត្តនានាក្នុងវិស័យទេសចរណ៍នៅចំពោះមុខនេះ គឺត្រូវអនុលោមតាមអង្គការសុខភាពពិភពលោកជាចាំបាច់។
លោក ទ្រី ឈីវ បានបន្តថា បន្ទាប់ពីកិច្ចប្រជុំនេះទៅ អង្គការទេសចរណ៍ពិភពលោកនឹងប្រមូលធាតុចូលពីបណ្ដាអ្នកប្រាជ្ញ អ្នកជំនាញ និងបណ្ដាប្រទេសជាសមាជិកនានា ដើម្បីវិភាគរិះរកនូវដោះស្រាយរួម ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុត ក្នុងការអនុវត្តដំណើរការវិស័យទេសចរណ៍ទូទាំងពិភពលោក។
លោកបន្តទៀតថា នៅក្នុងកិច្ចប្រជុំនោះ គេបានបង្ហាញធាតុចូលច្រើនដែរ ទាំងទ្រឹស្ដី និងភាពជាក់ស្ដែង ទាំងឧបករណ៍វៃឆ្លាតថ្មីៗសម្រាប់សម្រួលដល់ទេសចរ និងប្រតិបត្តិករទេសចរណ៍ ការទំនាក់ទំនងការងារពីចម្ងាយតាមប្រព័ន្ធឌីជីថល និងចំណុចល្អៗជាច្រើនទៀត។
ការរិះរកដំណោះស្រាយនេះ មិនត្រឹមតែប្រើសម្រាប់អនុវត្តក្នុងពេលកើតមានជំងឺកូវីដនេះទេ អង្គការទេសចរណ៍ពិភពលោកក៏នឹងបង្កើតនូវវិធានការ សម្រាប់អនុវត្តនៅពេលវិបត្តិកូវីដនេះត្រូវបានផុតរលត់ចេញពីផែនដី ឬក៏អាចយកមកអនុវត្តសម្រាប់វិបត្តិនាពេលក្រោយទៀតផងដែរ។
លោក ទ្រី ឈីវ បានបញ្ជាក់ថា សម្រាប់កម្ពុជា ទោះបីជាកំពុងរង់ចាំអនុវត្តតាមដំណោះស្រាយរបស់អង្គការសុខភាពពិភពលោកក៏ពិតមែន ប៉ុន្តែកម្ពុជាក៏បាននិងកំពុងអនុវត្តនូវវិធានការក្នុងប្រទេសជាបន្តបន្ទាប់មកហើយដែរ ខណៈមិនមានករណីឆ្លងថ្មីទៀតឡើយ ហើយអ្នកដែលឆ្លងកន្លងមកក៏ទទួលបានការព្យាបាលជាសះស្បើយជិតអស់ហើយដែរ ពោលនៅសល់តែពីរនាក់ទៀតប៉ុណ្ណោះ៕