(ព្រះសីហនុ)៖ អគ្គិភ័យឆេះរោងចក្រផលិតកេសស្នោ នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរលត់ទៅវិញហើយ ក្រោយសមត្ថកិច្ចប្រើប្រាស់ទឹក២៨ឡាន ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រោងចក្រដែលត្រូវភ្លើងឆេះនេះ ទទឹងប្រវែង ៥៤ម៉ែត្រ និងបណ្តោយប្រវែង៧០ម៉ែត្រ សាងសងពីដែក និងស័ង្កសី ដំបូលប្រកស័ង្កសី ជញ្ជាំងឥដ្ឋ បាតក្រោមចាក់សាបស៉ីម៉ងតិ៍ ជាកម្មសិទ្ធិរបស់រោងចក្រ ស័ង ហ័ន។
ដោយឡែក មូលហេតុដែលបណ្ដាលឲ្យឆេះ គឺឆ្លងចរន្តអគ្គីសនី ដោយមានជាងផ្សារដែកលើដំបូល។ ក្នុងប្រតិបត្តិការសង្គ្រោះ កម្លាំងរបស់អធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខេត្តកំពត បានរួមគ្នាបាញ់ទឹកពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន០៧គ្រឿង ក្នុងនោះមកពីខេត្តព្រះសីហនុ ចំនួន០៣គ្រឿង និងខេត្តកំពត០៤គ្រឿង ប្រើទឹកអស់ចំនួន២៨រថយន្ត។
របាយការណ៍ដដែលបានបន្ថែមថា សម្ភារខូចខាតនៅក្នុងរោងចក្ររួមមាន មាស៉ីនផលិតកេសស្នោរ ចំនួន០៣គ្រឿង, កេសស្នោរផលិតហើយមួយចំនួនធំ, ដុំស្គុតមួយចំនួនធំ, ទូរទឹកកក ចំនួន០៣គ្រឿង, កុំព្យូទ័រ ចំនួន០៣គ្រឿង, ម៉ាស៉ីនត្រជាក់ ០៦គ្រឿង, ខោអាវកម្មករ, លិខិតឆ្លងដែនជនជាតិចិន០២រូប, លុយកាកមួយចំនួន និងឡរដុតអុសចំនួន០១។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់សង្គមនេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕