(ឧត្តរមានជ័យ)៖ គណៈប្រតិភូក្រុមគ្រូពេទ្យឯកទេសចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ ដារិទ្ធ ប្រធាននាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ បានចុះផ្សព្វផ្សាយ និងធ្វើតេស្តដោយស្ម័គ្ររកជំងឺឆ្លងកូវីដ១៩ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ តាងនាមឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យមិត្តចិន តាមរយៈនាយកដ្ឋានសុខាភិបាល នៃក្រសួងការពារជាតិ ដែលបានចុះមកក្នុងពេលនេះ។
លោកថា «នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិ ចំពោះសុខទុក្ខដល់កងទ័ព កំពុងបំពេញភារកិច្ចនៅព្រំដែនជួរមុខ។ រាល់ការគិតគូរយកចិត្តទុកដាក់ខ្ពស់នេះហើយ បានញ៉ាំងឲ្យកងទ័ព មានស្មារតីមុះមុត ឆន្ទៈតស៊ូ ការពារបូរណភាពទឹកដី និងចូលរួមសកម្មភាពអភិវឌ្ឍន៍សង្គមជាតិ»។
លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នស្ថានភាពទូទៅ ទាំងក្នុងពិភពលោក និងទាំងក្នុងតំបន់ មានការព្រួយបារម្ភ អំពីជំងឺឆ្លងដ៏កាចសាហាវនេះ ដែលកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់អាយុជីវិតមនុស្សយ៉ាងច្រើន ហើយក្នុងនោះប្រទេសកម្ពុជា ក៏រងគ្រោះដោយសារវីរុសឆ្លងនេះ តែក្រោមការដឹកនាំពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានជំរុញដល់គ្រប់ស្ថាប័ន សហការជាមួយក្រសួងសុខាភិបាល និងបានកៀគរដល់មន្រ្តីរាជការ សប្បុរសជន ចូលរួមជាថវិកា និងសម្ភារ សម្រាប់ប្រើប្រាស់ ក្នុងការទប់ស្កាត់ និងបញ្ចៀស ដែលទទួលបានជោគជ័យគួរជាទីមោនភាពផងដែរ។
លោកមេបញ្ជាការបានបន្ថែមទៀតថា ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ កងទ័ពនៃអង្គភាពកងពលតូចថ្មើរជើងលេខ៤១ បានចូលរួមយ៉ាងស្រាក់សស្រាំជា មួយរាជរដ្ឋាភិបាល ដោយបានចាត់តាំងក្រុមគ្រូពេទ្យរបស់អង្គភាព ចុះសហការជាមួយអាជ្ញាធរភូមិ-ឃុំ ចុះធ្វើការផ្សព្វផ្សាយ ណែនាំអំពីវិធីការពារ ការទប់ស្កាត់ និងធ្វើតេស្តពិនិត្យកម្តៅ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជាមួយគ្នានោះដែរ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ ក៏បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀរវត្សផ្ទាល់ខ្លួន តាមចំនួនខែនីមួយៗ ជូនដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ នេះផងដែរ៕