(កណ្តាល)៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលរវាងរដ្ឋបាលខេត្តកណ្តាល និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកម្មវិធីធ្វើបទបង្ហាញស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្រោមអធិបតីភាពលោក កៅ ថាច អគ្គនាយកនៃ ធ.អ.ជ.ក.និងលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងមានការចូលរួមពី តំណាងមន្ទីជុំវិញខេត្ត ប្រជាកសិករ ដែលប្រកបរបរចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម សរុបប្រមាណចំនួន ២៥០នាក់។

បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍អំពីភាពរីកចំរើនលើគ្រប់វិស័យរបស់ខេត្តរួច លោកអភិបាលនៃគណៈអភិបាលខេត្ត ក៏បានសំណូមពរមកកាន់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មាន៖

១៖ សូមស្នើបន្ធូបន្ថយ នូវលក្ខខណ្ឌអនុគ្រោះក្នុងការផ្ដល់ឥណទានដល់ប្រជាកសិករ ដើម្បីឱ្យពួកគាត់ទទួលបានឥណទានយកទៅប្រកបមុខរបរ ឬពង្រីកមុខរបរបន្ថែម ។

២៖ សូមស្នើបន្ធូរបន្ថយអត្រាការប្រាក់ ដល់ប្រជាកសិករដែលទទួលបានឥណទានយកទៅប្រកបមុខរបរ។

៣៖សូមស្នើឱ្យមានការយល់យោគ ក្នុងការបង់ការប្រាក់ ស្ថិតក្នុងស្ថានភាពកំពុងមានការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ស្របតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល និងទេសាភិបាលនៃធនាគារជាតិកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនទាំងអស់ដែលបានអញ្ជើញចូលរួមថា ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននឹងកំពុងអនុវត្តតួនាទីជាអន្តរការីទទួលនូវកិច្ចការគ្រប់គ្រង និង អនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទានដែលមានការប្រាក់ទាប គំាទ្រដល់បងប្អូនប្រជាកសិកររបរចញ្ចឹមត្រី មាន់ ទា ដាំបន្លែ និង សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យបងប្អូនមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។

ទន្ទឹមនេះជាគោលការណ៍ ដើម្បីទទួលបានឥណទាន ពីចំនួន ១០ ០០០ដុល្លារអាមេរិក រហូតដល់ ៣០០ ០០០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ទាប ចំនួន៦ ភាគរយ ប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លីចំនួន២ឆ្នាំ) និងសម្រាប់ទុនវិនិយោគ (រយៈពេលវែងចំនួន ៥ឆ្នាំ) ក្នុងអត្រាការប្រាក់ចំនួន ៦.៥ភាគរយក្នុងមួយឆ្នាំ ពីកម្មវិធីហិរញ្ញប្បទានពិសេសនេះ ឯកឧត្តម ក៏បានណែនាំ អំពីការកំណត់លក្ខខណ្ឌតម្រូវមួយចំនួនដល់បងប្អូនប្រជាកសិករ ចញ្ចឹមត្រី មាន់ ទា បន្លែ និងក្រុមសិប្បកម្មករ សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបំពេញជាចាំបាច់ នោះមាន៖

-ត្រូវមានគម្រោងពង្រីកអាជីកម្មអាចបង្កើតការងារថ្មីបន្ថែមពី ៥ ដល់ ៣០ កន្លែងយ៉ាងតិច,
-ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក
- ចុះបញ្ជីស្របច្បាប់
- បង់ពន្ធ-អាករត្រឹមត្រូវ ហើយត្រូវការជាចាំបាច់នូវឥណទាន សម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល ទុនវិនិយោគ សម្រាប់ពង្រីកអាជីវកម្មជាដើម។

លោក កៅ ថាច ក៏បានបញ្ជាក់បន្ថែមទៀតថា ការកំណត់អត្រាការប្រាក់ខាងលើនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កំពុងពិចារណាទំលាក់មកត្រឹមចំនួន ៥ភាគរយប្រចាំឆ្នាំវិញ។

ជាមួយគ្នានេះពាក់ព័ន្ធនឹងទ្រព្យធានាឥណទានក្រោមកម្មវិធីពិសេសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូតដល់ ៨០ ភាគរយនៃតម្លៃទ្រព្យធានាបំណុលដែលជាអចលទ្រព្យ ហើយការទទួលយកទ្រព្យធានាបំណុលក៏មានភាពបត់បែនច្រើន ដោយទទួលយក៖
-ឧបករណ៍-គ្រឿងម៉ាស៊ីន
- សន្និធិ
- លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេង
- វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដីនិងអាគារ) ជាដើម។

លោក កៅ ថាច បានបន្ថែមថា លើការអនុវត្តនូវកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិកនេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក៏មានផលិតផលឥណទានផ្សេងទៀតដែលអត្រាការប្រាក់អនុគ្រោះដល់បងប្អូនប្រជាកសិករផងដែរ ហើយលោក ក៏បានលើកទឹកចិត្តដល់បងប្អូនកសិករ ក្នុងករណីប្រសិនបើបងប្អូនមិនអាចបំពេញបានតាមលក្ខខណ្ឌតម្រូវរបស់កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បងប្អូនអាចធ្វើការពិចារណាធ្វើកម្ចីពីកញ្ចប់ឥណទានផ្សេងទៀតរបស់ ធ.អ.ជ.ក.បានផងដែរ។

ភ្ជាប់ជាមួយនេះ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនកសិករចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។

លោកក៏បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលបានជួយសម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនូវគោលការណ៍ឥណទានដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូននាឱកាសនេះ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម សូមទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈទូរស័ព្ទលេខ ០៧៧ ៧៥៩ ១៥៩/០៩៩ ៧១០ ៧៨៩/០៨១ ៥១៥ ១៥១៕