(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារអ៊ីនធើ កុងទីណង់តាល់ រាជធានីភ្នំពេញ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ ២០១៥-២០១៦ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា និងកិច្ចប្រជុំជាមួយដៃគូ សហប្រតិបត្តិការមេគង្គ ។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងធនធានទឹក រដ្ឋមន្ត្រីក្រសួងធនធាន ធម្មជាតិ និងបរិស្ថាន មកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងដៃគូសហប្រតិបត្តិការមេគង្គ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ដូចជា ៖ ឯកសារយុទ្ធសាស្ត្រ អភិវឌ្ឍន៍អាងទន្លេមេគង្គ ឆ្នាំ ២០១៦-២០២០ ឯកសារផែនការយុទ្ធសាស្ត្រ របស់គណៈកម្មការមេគង្គ ២០១៦-២០២០ ការពិភាក្សាលើស្ថានភាព ជំនួយផ្នែកថវិកាពីប្រទេស-ស្ថាប័ន ដែលជាដៃគូសហប្រតិបត្តិការ របស់មេគង្គ និងរបៀបវារៈ សំខាន់ៗមួយចំនួនទៀត ។
កិច្ចប្រជុំនេះនឹងប្រព្រិត្តទៅក្នុងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៦ ៕