(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាការកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ អ្នករស់នៅជាមួយ មេរោគអេដស៍សរុបចំនួន៥០គ្រួសារ ក្នុងឃុំស្អាង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោក ប្រាក់ សុវណ្ណ បានថ្លែងនូវការពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៍សំបុរ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោក ប្រាក់ សុវណ្ណ ក៏បានផ្តាំផ្ញើរឱ្យប្រជាពលរដ្ឋត្រូវថែរទាំសុខភាព អនាម័យជាប់ជាប្រចាំក្នុងការរស់នៅ ពោលគឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីការពារ ជំងឺផ្សេងៗ។ ជាមួយគ្នានោះដែរបងប្អូនប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ជានិច្ចការពារជំងឺកូវីដ១៩ កុំឱ្យកើតមានលើក្រុមគ្រួសារ និងសហគមន៍ ដោយអនុវត្ត ឱ្យបាន ទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា សម្ភារដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល។ ក្នុងនោះគ្រួសារអត្ថិភាព ១០គ្រួសារថែម សារុង១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០រៀល ។ ប្រគេនព្រះសង្ឃក្នុងមួយវត្តព្រះឥន្ទទ្រង់ មី១ កេសធំ ទឹកក្រូច២ កេស ទឹកសុទ្ធ២ កេស២ អាកុល១០លីត្រ ថវិកា ២០០,០០០រៀល។ ប្រគល់ជូនអនុសាខាស្រុក អាកុល ៥លីត្រ ម៉ាស់៨ដុំ រដ្ឋបាលខេត្តប្រគល់ជូនរដ្ឋបាលស្រុក អាកុល១០លីត្រ ម៉ាស់៥ ប្រអប់៕