(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តក្រុង និងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សហការជាមួយអង្គការមហាមេឃពណ៌ខៀវ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានបាញ់ថ្នាំសម្លាប់វីរុសកូវីដ-១៩ នៅលើទីតាំងមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះមានដូចជា ទីតាំងផ្សារលើក្នុងក្រុងកំពង់ឆ្នាំង ក្នុងសាលាខេត្តកំពង់ឆ្នាំង សាលាបឋមសិក្សាគំរូក្រុង ដែលជាទីតាំងបម្រុងសម្រាប់ធ្វើចត្តាឡីស័ក ដល់បងប្អូនពលករដែលមកពីក្រៅប្រទេស ទីតាំងផ្សារសាលាលេខ៥ និងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចផងដែរ។
ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២០ ដើម្បីសម្លាប់មេរោគ និងនាំមកនូវសុខមាលភាពជូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈដែលជម្ងឺកូវីដ-១៩ បាននឹងកំពុងវាយលុក ទាំងនៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជាយើង។ ការមកបាញ់ថ្នាំនេះក្រោមការរៀបចំពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណ:រដ្ឋមន្រ្តី។
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជីវករលក់ដូរក្នុងផ្សារពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល សហការជាមួយអាជ្ញាធរខេត្តក្រុង និងមន្ទីរសុខាភិបាលខេត្ត មានការសហការល្អពីសំណាក់ភាគីមហាមិត្តចិន បានចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅក្នុងខេត្តកំពង់ឆ្នាំង ទៅលើទីតាំងមួយចំនួនខាងលើនេះ ដើម្បីរក្សាសុខុមាលភាពជូនប្រជាពលរដ្ឋ។
ក្នុងនោះដែរ លោកប្រធានមន្ទីរសុខាភិបាល ក៏បានឲ្យដឹងដែរថា ក្រុមការងារដែលបានចុះមកបាញ់ថ្នាំនៅថ្ងៃនេះ គឺជាក្រុមបច្ចេកទេសមកពីប្រទេសចិន ហើយក៏ជាក្រុមបេសកកម្មសង្គ្រោះ ដែលហៅថា «អង្គការមហាមេឃពណ៌ខៀវ» នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកសហការជាមួយក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីបង្ហាត់ បង្រៀនដល់ក្រុមគ្រូពេទ្យរបស់យើងឲ្យចេះបច្ចេកទេស ប្រើប្រាស់នូវឧបករណ៍បាញ់ថ្នាំផង និងជួយធ្វើសកម្មភាពបាញ់ថ្នាំជាក់ស្ដែងដើម្បីសម្លាប់មេរោគកូវីដ-១៩ នៅទីតាំងមួយចំនួនក្នុងខេត្តរបស់យើងនេះផងដែរ។
ក្នុងនោះដែរលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានក្រើនរំលឹក ក៏ដូចជាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នជាប្រចាំកុំភ្លេចជម្ងឺឆ្លងកូវីដ-១៩ ព្រោះថា មេរោគនេះ វាមិនភ្លេចយើងទាំងអស់គ្នាទេ ថែមទាំងបាន និងកំពុងតែរីករាលដាលនៅក្នុងប្រទេសជាច្រើនលើពិភពលោក ក៏ដូចជាប្រទេសដែលជាសមាជិក អាស៊ានរបស់យើងមួយចំនួនផងដែរ។
ដូច្នេះយើងត្រូវតែគោរពនូវការណែនាំ របស់ក្រសួងសុខាភិបាល ដោយប្រកាន់ខ្ជាប់នូវវិធានការអនាម័យ គឺរស់នៅស្អាត និងត្រូវចេះថែអនាម័យខ្លួនប្រាណ ដៃជើង ការពារគំលាតសុវត្ថិភាព និងលាងសំអាតដៃ និងអាកុល ឬសាប៊ូជាប្រចាំ។ ទើបទប់ស្កាត់វីរុសកូវីដ-១៩ កុំឲ្យឆ្លងដល់យើង និងគ្រួសាររបស់យើង ជាពិសេសទប់ស្កាត់កុំឲ្យរីករាលដាលក្នុងសហគមន៍ និងក្នុងប្រទេសយើងទាំងមូលផងដែរ៕