(កំពង់ស្ពឺ)៖ សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ទទួលបានថវិកាសប្បុរសពីសាខាអគ្គិសនីខេត្ត ចំនួន៣ម៉ឺនដុល្លារ ដើម្បីចូលរួមអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។
លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បានលើកឡើងថា ការចូលរួមចំណែករបស់ សាខាអគ្គិសនីខេត្ត គឺកម្លាំងសាមគ្គី ជ្រះថ្លាដោយក្តីអាណិតអាសូរ ចំពោះអ្នកដែលខ្សត់ខ្សោយជាងខ្លួន អ្នកមានជំងឺ ទុរគតជន គ្រួសារទីទាល់ ឬគ្រួសារណា ដែលជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុផ្សេងៗ។
បើតាមលោក វ៉ី សំណាង កាកបាទក្រហមកម្ពុជាដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែចង្អុលបង្ហាញជាប្រចាំដល់សាខា អនុសាខាត្រូវចុះពិនិត្យមើល ព្រមទាំងជួយជាសម្ភារ ថវិកា និងលើកទឹកចិត្តដល់អ្នកដែលជួបវិបត្តិទាំងអស់នោះ ហើយសាខា អនុសាខា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវធ្វេសប្រហែសក្នុងនាម ជាអាណាព្យាបាលប្រជាពលរដ្ឋ ហើយក៏មិនអនុញ្ញាតឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារនោះឡើយ។
លោកបន្ដទៀតថា សាខាកាកបាទក្រហម តែងតែបានធ្វើការងារមនុស្សធម៌នេះ ដោយមានតម្លាភាព និងពុំមានការរើសអើងជនរងគ្រោះទាំងអស់នោះ មិនគិតពីជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាអ្វីឡើយ ហើយនឹងខិតខំបន្តធ្វើកិច្ចការនេះ ឲ្យស្របតាមផែនការ និងគោលដៅរបស់កាកបាទក្រហមកម្ពុជា ជារៀងដរាបផងដែរ៕