(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចុះអនុវត្តន៍តួនាទីភារកិច្ច គោរពវិន័យ និងសណ្តាប់ធ្នាប់ល្អប្រសើរកម្លាំងត្រូវចេញល្បាត និងការពារទៅតាមគោលដៅសំខាន់ៗនៅទីប្រជុំជន និងកន្លែងលេងកម្សាន្តហើយ ត្រូវចាត់តាំងក្រុមជំនាញ ចុះស្រាវជ្រាវរុករកមុខសញ្ញា ប្រព្រឹត្តបទល្មើសដើម្បីបង្ការ បង្រ្កាប បទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗ។
ការផ្តាំផ្ញើបែបនេះរបស់លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានធ្វើឡើងនាឱកាសដែលលោកបានអញ្ជើញ ក្នុងពិធីបញ្ចុះបឋមសិលាកសាង អគារទីបញ្ជាការរថក្រោះ ១ខ្នង ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។ អគារនេះទទួលជំនួយឧបត្ថម្ភរបស់សប្បុរសជននានា ក្រោមការផ្តួចផ្តពីសំណាក់ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានបន្តថា កងកម្លាំងទាំងអស់ ត្រូវចូលរួមអនុវត្តបង្ការ បង្រ្កាប បទល្មើសធនធានធម្មជាតិ ដូចជា៖ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ កាប់រានទន្រ្ទានយកដីរដ្ឋ រុករករ៉ែខុសច្បាប់ចាប់ ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់ពិសេស ត្រូវត្រួតពិនិត្យចរាចរអាវុធជាតិផ្ទុះ បង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចតាមមូលដ្ឋានក្រុង ស្រុក ផងដែរ។
បន្ថែមពីនេះ កងកម្លាំងទាំអស់ត្រូវចាត់តាំងបែងចែកមុខសញ្ញា ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ឱ្យបានល្អប្រសើ ចៀសវាង អសកម្ម និងរាំងស្ទះក្នុងផែនការ ច្បាមក្តាប់សភាពការណ៍ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ពេលមានសភាពការណ៍ចាំបាច់ ត្រូវរាយការណ៍សុំយោបល់ ថ្នាក់លើភ្លាមៗ ផងដែរ។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានបញ្ជាក់តថា កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវប្រុងប្រយ័ត្នជានិច្ចទោះបីជំងឺកូវីត-១៩ នៅប្រទេសកម្ពុជា មានការអន់ថយយ៉ាងណាក្តី ព្រោះយើងដឹងហើយថា សព្វថ្ងៃនេះ ពិភពលោកទាំងមូលកំពុងរងគ្រោះ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងខ្លាំងពីមនុស្សម្នាក់ទៅម្នាក់ពាសពេញពិភពលោក។
ហើយជំងឺនេះ ជាជំងឺដ៏កាចសាហាវ បើជនណាម្នាក់ឆ្លងជំងឺនេះ ហើយវាប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងណាស់ រហូតមកដល់សព្វថ្ងៃ ពុំទាន់រកវ៉ាក់សាំងណាមកចាក់សម្លាប់មេរោគនេះ បាននៅឡើយទេ ដូច្នេះ យើងជាសមត្ថកិច្ច ត្រូវចូលរួមការទប់ស្កាត់ ជាមួយនឹងរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានផងដែរ៕