(ភ្នំពេញ)៖ លោក ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto) រដ្ឋមន្រ្តីការបរទេសហុងគ្រី នឹងអញ្ចើញមកដល់ប្រទេសកម្ពុជា នៅរសៀលម៉ោង៥ល្ងាចនេះ ដើម្បីបំពេញដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦, នេះបើតាមការលើកឡើងពីលោក ជុំ សន្ទររី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃនេះ។
លោក ជុំ សន្ទររីបានបន្តថា តាមគម្រោង រដ្ឋមន្រ្តីការបរទេសហុងគ្រី នឹងជួបសម្តែងការគួរសមជាមួយលោក ហោ ណាំហុង រដ្ឋមន្រ្តី ក្រសួងការបរទេសកម្ពុជា នៅម៉ោង១០ព្រឹកថ្ងៃទី១៤ ខែមករាស្អែកនេះ។ ជំនួបរវាង លោក ពិទ័រ ហ្ស៊ីហ្សារតូ ជាមួយលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា គឺដើម្បីពង្រឹងឡើងវិញនូវកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសហុងគ្រី ជាមួយ នឹងប្រទេសកម្ពុជា។
ក្រោយពីជំនួបជាមួយលោក ហោ ណាំហុង នៅថ្ងៃដដែលនោះ រដ្ឋមន្រ្តីការបរទេសហុងគ្រី ក៏គ្រោងនឹងជួបលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងក្រសួងពាណិជ្ជកម្ម។ក្រៅពីនោះ លោក ពិទ័រ ហ្ស៊ីហ្សារតូ នឹងអញ្ជើញទៅទស្សនាអគារពាណិជ្ជកម្ម មេគង្គកម្ពុជា-ហុងគ្រី។ នៅរសៀលម៉ោង ៤ថ្ងៃទី១៤ ខែមករា សម្តេចតេជោ ហ៊ុន សែន និងអនុញ្ញាតឲ្យលោក រដ្ឋមន្រ្តីការបរទេសហុងគ្រីជូបសម្តែងការគួរសមផងដែរ៕