(ភ្នំពេញ)៖ លោក ឈា ឡាយហ៉ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា បច្ចុប្បន្នការគាំទ្រនូវផលិតផលក្នុងស្រុក ហាក់នៅមានកម្រិតនៅឡើយ ដោយសារតែពលរដ្ឋនិយមប្រើប្រាស់ផលិតផលនាំចូលច្រើនជាង តែទោះបីជាយ៉ាងណា លោកស្នើដល់ប្រជាពលរដ្ឋទាំងអស់ សូមងាកមកគាំទ្រផលិតផល ក្នុងស្រុកវិញ ព្រោះផលិតផលក្នុងស្រុក ជាផលិតផលមានស្ដង់ដារ, ការត្រួតពិនិត្យត្រឹមត្រូវ និងមានសុវត្ថិភាព ថែមទាំងជួយគាំទ្រកំណើនសេដ្ឋកិច្ចជាតិ និងប្រជាកសិករផងដែរ។
លោក ឈា ឡាយហ៉ី អះអាងថា រាល់ផលិតផលក្នុងស្រុក ពេលដែលម្ចាស់អាជីវកម្មមកចុះបញ្ជី នៅក្រសួងឧស្សាហកម្ម ម្ចាស់អាជីវកម្មនីមួយៗ សុទ្ធតែបានបំពេញនូវស្ដង់ដាររួចហើយ ដែលនិយាយបានថា ម្ចាស់អាជីវកម្មទាំងនោះ មានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការចរាចរណ៍លើទីផ្សារ។
មួយវិញទៀតក្រសួងឧស្សាហកម្ម បានប្រកាន់ជំហរច្បាស់លាស់ថា រាល់ផលិផលពិសេសចំណីអាហារ គឺធានាបាននូវការពិនិត្យគុណភាពពីរ គឺ មីក្រូជីវសាស្រ្ដ (ប្រភេទមេរោគ) និងគីមីសាស្រ្ដ (ប្រភេទគីមី) ដូច្នេះប្រសិនបើធ្វើតេស្ដទៅផលិតផលនោះមានធ្លាក់ ក្នុងបរិមាណណាមួយ នោះក្រសួងនឹងមិនចេញច្បាប់អនុញ្ញាតជូនឡើយ ក្រៅពីនេះម្ចាស់អាជីវកម្ម ត្រូវតម្រូវឲ្យមកធ្វើការវិភាគឡើងវិញ ដើម្បីធានាបានថាផលិតផល របស់ពួកគាត់មានស្ដង់ដារ នៅរៀងរាល់៣ខែម្ដង។
ការឲ្យដឹងបែបនេះរបស់លោក ឈា ឡាយហ៉ី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម» នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ។
លោបន្ថែមថា «ចំពោះផលិតផលក្នុងស្រុក នៅតែមានក្ដីកង្វល់ កង្វល់ត្រង់ថា ការគាំទ្រ និងការជួយជំរុញរបស់ប្រជាពលរដ្ឋនៅមានកម្រិត ពលរដ្ឋមួយចំនួនច្រើនតែជ្រើសរើសយក ផលិតផលនាំចូល ដោយពួកគាត់គិតថា ផលិតផលនាំចូលមានស្ដង់ដារល្អជាងផលិតផលក្នុងស្រុក តែតាមពិតទៅផលិតផលក្នុងស្រុក គឺមានស្ដង់ដារល្អ ហើយរយៈពេលផលិតវិញគឺថ្មីៗ។ ជាក់ស្ដែងដូចតំណាប់ស្វាយ ដែលផលិតក្នុងស្រុក ម្ចាស់អាជីវកម្មផលិតមានស្ដង់ដារ និងគុណភាពល្អ ព្រមទាំងបាននាំចេញទៅក្រៅប្រទេស បានប្រមាណ១០០តោន ប៉ុន្ដែសម្រាប់ការលក់ក្នុងស្រុកវិញ បានត្រឹមតែ១០-១៥តោនប៉ុណ្ណោះ ដែលគិតជាភាគរយត្រឹមតែ១០% សួរថាហេតុអ្វីបានជាបរទេស អាចញាំផលិតផលរបស់កម្ពុជាបាន ប៉ុន្ដែពលរដ្ឋក្នុងស្រុកហេតុអ្វីបានជាញាំមិនបាន? ទាំងនេះដោយសារតែខ្វះការគាំទ្រពីប្រជាពលរដ្ឋ»។
លោកបញ្ជាក់ថា «ទាំងនេះក៏ជាអ្វីដែលខ្ញុំ ចង់បំផុសបំផុលប្រជាពលរដ្ឋពិនិត្យមើលថា តើផលិតផលមួយដែលពួកគាត់យកទៅទទួលទាន ពិនិត្យមើលទៅលើស្ដង់ដារ កាលណាផលិតផលអ្វីមួយមានស្ដង់ដារគ្រប់ជ្រុងជ្រោយ គឺជាផលិតផលដែលមានសុវត្ថិភាព។ ដើម្បីឲ្យផលិតផលខ្មែរកាន់តែ ទទួលបានការគាំទ្រ យើងនាំគ្នាជួយជំរុញទាំងវិស័យរដ្ឋ វិស័យឯកជន អ្នកប្រើប្រាស់ទាំងអស់គាំទ្រ ដើម្បីទទួលបានការទទួលស្គាល់កាន់តែច្រើនឡើង»។
លោកបន្តថា ដើម្បីឲ្យផលិតផលក្នុងស្រុក ទទួលបានការគាំទ្រកាន់តែច្រើន ប្រជាពលរដ្ឋគួរតែកុំសុញនឹងតម្លៃដែលខុសគ្នា១ ឬ២ដុល្លារ ប្រសិនបើផលិតផលបរទេសតម្លៃ១០ដុល្លារ ផលផលខ្មែរតម្លៃ១១ដុល្លារ ប្រសិនបើអាចពិចារណាបាន យើងគួរណាស់តែគាំទ្រនូវផលិតផលក្នុងស្រុក ផលិតផលមានស្ដង់ដារដូចគ្នា ហេតុអ្វីបានជាមិនប្រើប្រាស់ផលិតផលក្នុងស្រុក៕