(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានជាធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ដើម្បីសម្រាប់ផ្តល់ប្រាក់កម្ចី ដល់ម្ចាស់សហគ្រាសធនតូច និងមធ្យម ដែលមានអត្រាការទាប ផ្តល់ជូនដល់អ្នកវិនិយោគលើវិស័យ SMEs ត្រឹមតែ៧ភាគរយក្នុង១ឆ្នាំ ខណៈដែលមានដើមទុនដំបូងរបស់ខ្លួនរបស់ធនាគារនេះ ចំនួន១០០លានដុល្លារ។

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ទំហំសហហិរញ្ញប្បទានរបស់ធនាគារ សហគ្រាសធុនតូច និងមធ្យម (SMEs Bank) កើនឡើងដល់១៥០លានដុល្លារអាមេរិក ដែលត្រៀមសម្រាប់ជួយដល់វិស័យ SMEs នៅក្នុងប្រទេសកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម» លោកឧកញ៉ា តែ តាំងប៉ បានអះអាងថា ដំបូងឡើងនៅពេលរាជរដ្ឋាភិបាល បង្កើតធនាគារ SMEs មានទុនដំបូងចំនួន១០០លានដុល្លារប៉ុណ្ណោះ ប៉ុន្ដែក្រោយមកធនាគារឯកជនចំនួន៣៣ បានសហការជាមួយធនាគារ SMEs ដែលកើនទុនរហូតដល់១៥០លានដុល្លារអាមេរិក។

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ មានសេចក្ដីរាយការណ៍ថា មានធនាគារចំនួន៣៣ទៀត បានបរិច្ចាគជួយដល់ធនាគារ SMEs ដូច្នេះធនាគារ SMEs មានទុនចូលដល់១៥០លានដុល្លារ ដែលផ្ដល់ឲ្យកម្ចី ក្នុងអត្រាការប្រាក់៧ភាគរយ»

ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជារូបនេះ បានអះអាងទៀតថា ចំពោះឥណទាននេះ ផ្ដល់ឱកាសឲ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម ទទួលឥណទាន ដែលទុនបង្វិល២០ម៉ឺនដុល្លារ ហើយចំពោះការវិនិយោគទៅលើគ្រឿងម៉ាស៉ីន បានរហូតដល់៣០ម៉ឺនដុល្លារ ក្នុងមួយក្រុមហ៊ុន។

ត្រង់ចំណុចនេះ លោកឧកញ៉ា តែ តាំងប៉ បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំងដល់ធនាគារ SMEs ដែលបានកៀរគរប្រភពទុនមួយចំនួនបន្ថែម ហើយលោកក៏ចូលរួមចំណែកដល់ការបន្ធូរបន្ថយលើនីតិវិធីក្នុងការខ្ចីលុយនេះផងដែរ។ លោកសំណូមពរដល់ធនាគារ ដែលជាដៃគូសហការទាំងអស់ ត្រូវផ្ដោតទៅលើគម្រោងនៃការវិនិយោគរបស់អ្នកខ្ចី ទើបអាចគ្រប់គ្រងបាន។

ដោយសារតែឥទ្ធិពលនៃជំងឺ COVID-19 ដែលកំពុងតែរីករាលដាលនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ក្នុងនោះវិស័យសហគ្រាសធុនតូច និងមធ្យម ក៏ជួបនៅបញ្ហាប្រឈមនេះដូចគ្នា តែផ្នែកដែលផលិតផលិតផលមិនមែនចំណីអាហារ ប៉ះពាល់ខ្លាំងជាង SMEs ដែលផលិតចំណីអាហារ។

លោក ឈា ឡាយហ៉ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ផលប៉ះពាល់របស់ SMEs ដែលផលិតមិនមែនចំណីអាហារ គឺកង្វះវត្ថុធាតុដើម ប៉ុន្ដែរហូតមកដល់ពេលនេះ ដោយមានកិច្ចសម្របសម្រួលពីថ្នាក់ដឹកនាំពាក់ព័ន្ធ គឺរួមគ្នាដោះស្រាយបានមួយកម្រិតហើយ ពាក់ព័ន្ធការកង្វះវត្ថុធាតុដើមនេះ។

ដោយឡែក បញ្ហាប្រឈមមួយទៀត ដែលកំពុងជួបប្រទះនេះ ទាក់ទងទៅនឹងបញ្ហាទីផ្សារ ដែលបញ្ហានេះគឺជារឿងសំខាន់ ដោយសាររហូតមកដល់ពេលនេះ ប្រជាពលរដ្ឋមិនទាន់ដឹងថា ជំងឺ COVID-19 អាចនឹងអូសបន្លាយដល់ពេលណានោះទេ ដូច្នេះថវិការបស់ពួកគាត់នៅមានកម្រិត។ កត្តាទាំងនេះ នាំឲ្យការផលិត និងតម្រូវការមិនទាន់បន្ស៉ីគ្នានៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ លោក ឈា ឡាយហ៉ី។

បើតាមលោក ឈា ឡាយហ៉ី ក្នុងអន្ដរកាលនេះ ក្រុមការងារក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលដឹកនាំដោយទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានកោះប្រជុំក្រុមការងារស្ទើរាល់សប្ដាហ៍ ដើម្បីដោះស្រាយបញ្ហានេះ និងកំណត់អ្វីដែលជាទំនិញយុទ្ធសាស្ដ្រផ្សេងៗ សម្រាប់ត្រៀមបង្ការករណី ដែលមានរលកទី២ នៃជំងឺ COVID-19នេះ។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ចំនួនសហគ្រាសធុនតូច មធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបចំនួន ៥២,១៥៥មូលដ្ឋាន និងផ្តល់ការងារចំនួន ៨២៤,២៤៥នាក់។ នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យ SMEs នេះយ៉ាងខ្លាំង ជាពិសេសក្នុងការជំរុញក្នុងការលើកកម្ពស់ឲ្យ SMEs នៅក្នុងប្រទេសកម្ពុជា ងាយស្រួលក្នុងការទទួលបាននូវព័ត៌មានពាក់ព័ន្ធនឹងវិស័យនេះជាដើម៕