(វ៉ាស៊ីនតោន)៖ មន្ត្រីការពារជាតិជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា នៅថ្ងៃអាទិត្យកន្លងទៅនេះយន្តហោះចម្បាំងរបស់ អាមេរិក បានកម្ទេចមូលដ្ឋាន និងអគារតម្កល់ប្រាក់របស់ក្រុមឧទ្ទាម ISIS នៅក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់នេះបើយោងតាមការ ចេញផ្សាយរបស់ CNN នៅថ្ងៃទី១២ ខែមករា។
មន្ត្រីយោធាអាមេរិក បានប្រាប់សារព័ត៌មាន CNN ថា គ្រាប់បែកចំនួន២គ្រាប់ ដែលមានទម្ងន់ ២ពាន់ផោន បានទម្លាក់ចុះអគារផ្ទុកប្រាក់របស់ក្រុម ISIS ប៉ុន្តែលោកមិនអាចបញ្ជាក់បានថា ទឹកប្រាក់ដែលត្រូវកម្ទេចនោះមានចំនួនប៉ុន្មានទេ គ្រាន់តែដឹងថា មានរហូតដល់រាប់លានដុល្លារអាមេរិក។
ក្នុងនោះមន្ត្រីយោធាខាងលើក៏បានបញ្ជាក់បន្ថែមទៀតថា ការទម្លាក់គ្រាប់នេះ ក៏បានប៉ះពាល់ដល់ជនស៊ីវិលដែលរស់នៅក្បែរកន្លែង នោះផងដែរ បើតាមការប៉ាន់ប្រមាណ មានមនុស្សប្រហែលជា ១០នាក់បានស្លាប់ និងរងរបួស៕