(ភ្នំពេញ)៖ អនុគណៈកម្មាធិការជំនួយសង្គម បានចាប់ផ្តើមយុទ្ធនាការចុះជួយប្រជាជនក្រីក្រកំពុងជួបប្រទះ ដោយសារជំងឺកូវីដ១៩ ហើយ។ ការងាររបស់អនុគណៈកម្មការធិការជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ច្រើនផ្នែក លើវិស័យសង្គមកិច្ច និងមានភាពប្រែប្រួល ហើយក៏មានការងារមួយចំនួន កំពុងត្រូវបានធ្វើរួចហើយដែរ។ ប៉ុន្តែអ្វីដែលជាកិច្ចការចម្បងនៅចំពោះមុខ នាដំណាក់កាលនេះ គឺលៃលកជួយដោះស្រាយក្តីលំបាក នៃគ្រួសារប្រជាជន ដែលបង្ករឡើងដោយជំងឺកូវីដ១៩។
នេះជាការលើកឡើងរបស់លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រធានអនុគណៈកម្មាធិការជំនួយសង្គម នៃក្រុមប្រឹក្សាជាតិគាំពារសង្គម លើកឡើងក្នុងកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មការធិការជំនួយសង្គម រៀបចំធ្វើនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំលើកទី១ នាពេលនេះ គឺដើម្បីពិភាក្សាលើកិច្ចការចំពោះមុខ ក្នុងការគិតគូរដោះស្រាយក្តីលំបាករបស់គ្រួសារប្រជាជនក្រីក្រ ដែលកំពុងជួបប្រទះ ដោយសារជំងឺកូវីដ១៩។
នៅក្នុងពិធីនេះដែរលោក វង សូត បានក្រើនរំឭកម្តងហើយម្តងទៀត ដល់អ្នកពាក់ព័ន្ធទាំងឡាយឲ្យធ្វើការប្រកបដោយសុចរិតភាព សុក្រឹតភាព និងតម្លាភាពពោលគឺធ្វើយ៉ាងណា ឱ្យជំនួយរបស់នានារបស់រាជរដ្ឋាភិបាលតាមរយៈអនុគណៈកម្មាធិការជំនួយសង្គមនេះ បានទៅដល់គ្រួសារក្រីក្រដែលកំពុងជួបការលំបាកពិតប្រាកដ ចៀសវាងឱ្យបាននូវខ្សែបក្សពួក ឬ គ្រួសារនិយមជាដើម។
គួរបញ្ជាក់ថា អនុគណៈកម្មការធិការជំនួយសង្គម គឺជាក្រុមការងារទើបតែបង្កើតឡើងថ្មី ហើយត្រូវបានចាត់ទុកថាជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំង២ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ជាគូនឹងបេឡាជាតិសន្តិសុខសង្គម ហើយការងារដ៏សំខាន់បំផុតមួយរបស់ អនុគណៈកម្មការធិការ ដែលមានសមាសភាពមកពីអន្តរក្រសួងនេះ គឺការដោះស្រាយនូវរាល់តម្រូវការជាក់ស្តែង របស់គ្រួសារក្រីក្រងាយរងគ្រោះ។ អនុគណៈកម្មាធិការនេះ មិនមែនមានតែនៅក្នុងដំណាក់កាលជំងឺកូវដី១៩ទេ គឺនឹងមាននិរន្តរភាពតទៅ ព្រោះវាកម្មវិធីការងារថ្មីមួយរបស់រាជរដ្ឋាភិបាល៕