(បាត់ដំបង)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ បាននាំអំណោយជាសម្ភារ និងថវិកាសប្បុរសជន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសប្បុរសផ្សេងទៀត យកមកជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងឱកាសទិវា ៨ឧសភា ឆ្នាំ២០២០នេះ។
ពិធីប្រគល់អំណោយនេះ ក៏មានការអញ្ជើញចូលរួម ពីលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត, លោក ងួន រតនៈ អភិបាលខេត្ត ជាអនុប្រធានកិត្តិយសសាខា, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ជាអនុប្រធានកិត្តិយសសាខា, និងថ្នាក់ដឹកនាំមន្រ្តីសាខា សប្បុរសជន ក្នុងខេត្តចូលរួមផងដែរ នៅទីសា្នក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។
លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា ក្នុងនាមសាខាខេត្តបាត់ដំបង លោកបានថ្លែងអំណរគុណដ៏ជ្រាល ជ្រៅបំផុត ចំពោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល តែងតែបាននាំអំណោយ តាមរយៈគៀងគរថវិកា និងសម្ភារដោយស្ម័គ្រចិត្ត ពីសប្បុរសជននានា យកមក ដើម្បីបម្រើប្រើប្រាស់ ជាប្រយោជន៍មនុស្សធម៌ និងចែកជូនជនរងគ្រោះទូទៅកើតឡើង ដោយសារគ្រោះធម្មជាតិ ជនក្រីក្រចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា -ល-។
លោកបណ្ឌិត ប៊ុត គឹមស៊ាន បានបញ្ជាក់ថា ជាក់ស្តែងកន្លងថ្មីៗនេះ បានផ្ទុះជំងឺ COVID-19 លើពិភពលោកយ៉ាងខ្លាំង ហើយកម្ពុជាយើង បានរងទទួលឆ្លងនាំចូល ពីក្រៅប្រទេស មានចំនួនតិចតួច ពិសេសនៅខេត្តបាត់ដំបង ក៏មានករណីឆ្លងជំងឺនេះ៨នាក់ ហើយបានសម្រាកព្យាបាលរហូតដល់ជាសះស្បើយអស់ហើយដែរ។
នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់ថា ទោះជាប្រទេសកម្ពុជាយើង បានជាសះស្បើយច្រើន ហើយនៅសល់២នាក់ កំពុងឈានទៅរកជាសះស្បើយ ដែលនោះក៏ដោយ ទោះយ៉ាងណា ក៏យើងមិនត្រូវធ្វេសប្រហែសជាដាច់ខាត និងប្រុងប្រយ័ត្នជានិច្ចតាមការណែនាំ របស់ក្រសួងសុខាភិបាលជានិច្ច។
នាយឧត្តមសេនីយ៍ បានបន្តថា ដើម្បីទប់ស្កាត់ មិនមានការឆ្លងរីករាលបន្តទៀតនោះ គឺយើងទាំងអស់គ្នាមុន និងក្រោយកាន់របស់អ្វីមួយត្រូវលាងដៃ នឹងសាប៊ូ ឲ្យបាន ញឹកញាប់ជាប្រចាំ លាងអាកុល ជែល និងពាក់ម៉ាសជាប្រចាំ និងនៅពេលមានការចាំបាច់បំផុត។ ដូច្នេះហើយ បានលោកតែងតែអំពាវនាវ ដល់សប្បុរសជន ដើម្បី ចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន តាមសទ្ធាររៀងៗខ្លួន និងសហការជាមួយក្រុមគ្រូពេទ្យ ដែលនៅជិតបំផុត ដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា ក៏ដូចជាបានជួយ សង្គមជាតិយើងផងដែរ។
សូមជម្រាបថា អំណោយដែលបាន យកមកជូនសាខានាថ្ងៃនេះ គឺមានម៉ាស៥០ប្រអប់, សាប៊ូដុំ៣៥កេស, អាល់កុលដបតូច២៤០ដប, ថវិកា៣៩,៣៥០,០០០រៀល និង២០,៥៨០ដុល្លារ ទុកជូនសាខាសម្រាប់យកទៅប្រើប្រាស់ ពេលមានការចាំបាច់បំផុតផងដែរ៕