(រតនគិរី)៖ លោក ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បានថ្លែងថា ដោយសារកម្ពុជាមានសុខសន្តិភាព ទើបប្រជាជនយើងបានធ្វើបុណ្យ ប្រកបដោយភាពសប្បាយរីករាយ និងធ្វើបុណ្យប្រកបដោយចិត្តជ្រះថ្លា។
លោក ប៊ូ ឡាំ បានថ្លែងបែបនេះ ក្នុងឱកាសលោកនិងលោកស្រី ព្រមទាំងប្រធាន-អនុប្រធានមន្ទីរមួយចំនួន បានអញ្ជើញក្នុងពិធីសូត្រមន្ត ក្នុងឱកាសបុណ្យវិសាខបូជា នៅវត្តឧត្តមរតនារាម ហៅវត្តអូរចេងស្ថិត ក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី នៅរសៀលថ្ងៃ ១៥កើត ខែពិសាខ ឆ្នាំ ជូតទោស័ក ពស២៥៦៣ ដែលត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
លោក ប៊ូ ឡាំ បានថ្លែងនូវក្តីរីករាយ ដែលបានចូលរួមធ្វើបុណ្យដែលជាពិធីបុណ្យសាសនាមួយ ក្នុងចំណោមបុណ្យសាសនានា ដែលប្រជាពុទ្ធបរិស័ទ្ទ កាន់ព្រះពុទ្ធសាសនាទូទាំងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃ១៥រោច ខែពិសាខ។
លោកតំណាងរាស្ត្ររូបនេះ បានបញ្ជាក់ថា «ថ្ងៃនេះបងប្អូនពុទ្ធបរិស័ទ បានធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា រួមគ្នា ដោយសារយើងមានសុខសន្តិភាព ទើបយើងបានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយ ធ្វើបុណ្យដោយចិត្តជ្រះថ្លា ហើយបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះ បានបង្ហាញនូវការគោរពរំលឹកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោត្តម គឺជាថ្ងៃដែលព្រះអង្គទ្រង់ បានប្រសូត្រ បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ»។
សូមបញ្ជាក់ថា ថ្ងៃ១៥កើត ខែពិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា តែងប្រារព្ធរំលឹកជារៀងរាល់ឆ្នាំ តាមរយៈពិធីបុណ្យប្រពៃណីពុទ្ធសាសនា ពិសាខបូជា។ ពិសាខបូជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត ថ្ងៃខួបត្រាស់ដឹង និងថ្ងៃខួបចូលបរិនិពា្វន របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិតសម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែពិសាខតែមួយ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។
ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិបានកំណត់យកពិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃទី ១៥ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសកលអំពីការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា ក្នុងពិភពលោកជាង ២៦០០ឆ្នាំមកនេះ ហើយនិងកំពុងបន្តនូវការចូលរួមចំណែក លើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត។ ការិយាល័យអង្គការសហប្រជាជាតិគ្រប់ទីកន្លែងទាំងអស់ ត្រូវបានឈប់សម្រាកនៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ៕