
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពម្តាយក្មេករបស់សម្តេច (Video inside)
06-05-2020 15:41
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ បានថ្លែងអំណរព្រះគុណ ព្រះតេជគុណ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ម្តាយក្មេករបស់សម្តេច។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការចូលរួមរំលែកទុក្ខរបស់បងប្អូន ទោះបីដោយផ្ទាល់ ឬដោយប្រយោលតាមសារលិខិតក្តី ឬតាមបណ្តាញសង្គមក្តី គឺបានបង្ហាញពីការគោរពស្រឡាញ់ និងរួមសុខរួមទុក្ខជាមួយក្រុមគ្រួសាររបស់សម្តេច ដែលមិនអាចបំភ្លេចបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា និងក្រុមគ្រួសារ សូមអរព្រះគុណព្រះតេជគុណ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារខ្ញុំ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយ និងជីដូនជាទីស្រឡាញ់ ដែលជាម្លប់ដ៏កក់ក្តៅបំផុត របស់ក្រុមគ្រួសារខ្ញុំទាំងមូល កាលពីថ្ងៃទី ៤ ឧសភា ២០២០ កន្លងទៅនេះ។
ការចូលរួមរំលែកទុក្ខរបស់បងប្អូន ទោះបីដោយផ្ទាល់ ឬដោយប្រយោលតាមសារលិខិតក្តី ឬតាមបណ្តាញសង្គមក្តី គឺបានបង្ហាញពីការគោរពស្រឡាញ់ និងរួមសុខរួមទុក្ខជាមួយក្រុមគ្រួសារខ្ញុំ គ្រប់កាលៈទេសៈទាំងអស់ ដែលមិនអាចបំភ្លេចបានឡើយ ជាពិសេសក្នុងស្ថានភាពដ៏លំបាកនេះ។
ខ្ញុំព្រះករុណាសូមប្រគេនពរ ព្រះតេជគុណ និងព្រះសង្ឃគ្រប់ព្រះអង្គ នឹងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជួបតែសចក្តីសុខ នឹងពុទ្ឋពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ»៕