(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលប្តឹងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ និង បទញុះញង់ឱ្យមានការរើសអើង នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះបានមកចូលតុលាការដើម្បីការពារបណ្តឹងរបស់ខ្លួន ។
យោងតាមដីកាកោះ ដែលចេញដោយ លោក មាស ច័ន្ទពិសិដ្ឋ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ដែលលោក សួន សេរីរដ្ឋាគណបក្ស អំណាចខ្មែរ អះអាងថា បានបង្គាប់ឱ្យលោក សួន សេរីរដ្ឋា ចូលទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា វេលាម៉ោង៩៖០០ព្រឹក ដើម្បីសាកសួរពីដំណើររឿងបណ្តឹងរបស់ខ្លួន។
តុលាការក៏បង្គាប់ឱ្យលោក សួន សេរីរដ្ឋា ចូលខ្លួនឱ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងនឹង រឿងខាងលើមក ជាមួយផង។
សូមជំរាបថា លោក សួន សេរីរដ្ឋា បានដាក់ពាក្យប្តឹងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកាលពី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ពីបទ«បរិហាកេរ្តិ៍» បន្ទាប់ពី លោក ហោ ណាំហុង បាននិយាយកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ក្រោយជួប ជាមួយអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាថា សមាជិករបស់គណបក្សអំណាចខ្មែរធ្លាប់ធ្វើភេរវកម្ម ដែលជារឿងប៉ះពាល់ ដល់ កិត្តិយសរបស់ គណបក្សអំណាចខ្មែរ។
ទោះជាយ៉ាងនេះក្តី នាពេលកន្លងមក មេធាវីការពារក្តីឱ្យឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានអះអាងប្រាប់ Fresh News ថា ពាក្យសម្តីរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង មិនមានកំហុសឬទោសនោះទេ ដោយសារតែការលើកឡើងកន្លងមក គឺយោងទៅតាមសាលក្រម និងសាលដីកាតុលាការដែលធ្លាប់កាត់ទោស លោក សួន សេរីរដ្ឋា និងបក្ខពួក ៣នាក់ពីបទក្បត់ជាតិ៕