(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា កាលពីពេលថ្មីៗនេះ ខ្លួនទើបចុះហត្ថលេខាទទួលហិរញ្ញប្បទានរយៈពេល ៣ឆ្នាំ ក្នុងទំហំទឹកប្រាក់ សរុបចំនួន ៥០ លានដុល្លារសហរដ្ឋអាមេរិកពី ធនាគារកាថេ យូណៃធីត ហៅកាត់ថា «CUB» ។
ប្រតិបត្តិការនេះ គឺជាសមិទ្ធផលមួយ ដែលកើតឡើងចំពេលដំណាលគ្នាជាមួយវីរ៉ុសកូវីដ១៩ និងសង្គ្រាមតម្លៃប្រេង រុស្ស៊ីជាមួយអារ៉ាប៊ីសាអូឌីត។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចុះហត្ថលេខាទទួលហិរញ្ញប្បទានរយៈពេល ៣ឆ្នាំ ក្នុងទំហំទឹកប្រាក់ សរុបចំនួន ៥០ លានដុល្លារសហរដ្ឋអាមេរិកពី ធនាគារកាថេ យូណៃធីត ហៅកាត់ថា «CUB»។
ធនាគារកាថេ យូណៃធីត បានដើរតួជាយ៉ាងសំខាន់ ក្នុងការ ជួយជ្រោមជ្រែងផ្តល់ហិរញ្ញប្បទាននេះ និងដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត នៅអាស៊ី ដែលនេះសបញ្ជាក់អំពីគុណភាពឥណទាន និងភាពរឹងមាំរបស់អម្រឹត។ ធនាគារកាថេ យូណៃធីត គឺជាជម្រើសដៃគូសហការមួយរបស់ អម្រឹត សម្រាប់តម្រូវការហិរញ្ញប្បទាននាពេលអនាគត។
លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានបញ្ជាក់ថាដូច្នេះថា «ប្រាក់កម្ចីនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់បេសកកម្មរបស់ អម្រឹត ដើម្បីផ្តល់ជូនដល់ក្រុមប្រជាពលរដ្ឋខ្មែរ ដែលមិនមានលទ្ធភាពទទួលបានសេវាកម្មពីធនាគារ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ អម្រឹតមានមោទនភាពចំពោះការផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវខ្ពស់បំផុតក្នុងសង្គម»។
បច្ចុប្បន្ននេះ អម្រឹតមានអតិថិជន (https://amret.com.kh/en/) ជាងកន្លះលាននាក់កំពុងប្រើប្រាស់សេវាកម្មរបស់អម្រឹត ក្នុងនោះរួមមានកសិករដែលមានប្រាក់ចំណូលទាប រហូតដល់សហគ្រាសខ្នាតតូចនិងមធ្យម ដែលប្រើប្រាស់សេវាឥណទាន សេវាប្រាក់បញ្ញើ និងសេវាកម្មផ្សេងៗ។ អម្រឹត មានសាខាចំនួន១៥៨ នៅទូទាំងប្រទេស ជាមួយ បណ្តាញឌីជីថលជាច្រើនប្រភេទ។ អម្រឹត មានបុគ្គលិកជាង ៤.៥០០ នាក់ មានទ្រព្យសកម្មជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានប្រាក់បញ្ញើសរុបជាង ៥០០ លានដុល្លារសហរដ្ឋអាមេរិក។ អម្រឹត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ Advans Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុអន្តរជាតិ ឈានមុខគេមួយ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ទៅកាន់ប្រជាជនដែលមានប្រាក់ចំណូលទាបនិងសហគ្រាសធុនតូចនិងមធ្យម នៅ ១០ប្រទេស ក្នុងពិភពលោក ។ FMO និង IFC គឺជាភាគទុនិកធំ២ទៀត ដែលមានទ្រព្យសកម្ម រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ធនាគារកាថេយូណៃធីត (https://www.cathaybk.com.tw/cathaybk/) គឺជាធនាគារឈានមុខគេមួយនៅអាស៊ី។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមានទ្រព្យសកម្មសរុបជាង ៩៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក និងអតិថិជនជាង ៩ លាននាក់។ ធនាគារកាថេយូណៃធីត មានសាខាជាច្រើននៅក្រៅប្រទេស រួមមានប្រទេសចិន វៀតណាម កម្ពុជា ហុងកុង សិង្ហបុរី ម៉ាឡេស៊ី ឡាវ ហ្វីលីពីន ថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី៕