(ភ្នំពេញ)៖ រថយន្ត Camry ​បាឡែនមួយគ្រឿង បានហោះទៅបុកបង្គោលភ្លើង បេតុងមួយដើមបាក់ ខណៈដែលរថយន្តបង្កនោះខ្ទេចមួយកំណាត់មុខ​ ដែលហេតុការណ៍នេះ កើតឡើងនៅម៉ោង៤៖៥០​ ទៀបភ្លឺថ្ងៃទី១៣ ​ខែមករា​ ឆ្នាំ​២០១៦​ ត្រង់ផ្លូវប៉ាស្ទរ័កែង និងផ្លូវព្រះសីហនុ​ស្ថិត ក្នុងសង្កាត់​បឹង​កេង​កងទី១ ​ខណ្ឌចំការមន​។

បើតាមសាក្សី នៅវេលាម៉ោងកើតហេតុខាងលើ គេបានឃើញរថយន្ត​ Camry បាឡែន បង្កនេះបើកដោយបុរសម្នាក់ តាមវិថីព្រះសីហនុ ​ក្នុងទិស​ដៅ​ពីកើតទៅលិច​ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកែងអ្នកបើករថយន្ត បានបួងចង្កូតបត់ទៅផ្លូវប៉ាស្ទ័រ​ ទាំងល្បឿនលឿនបានធ្វើឲ្យថយន្តហោះ ទៅបុកបង្គោលភ្លើងទាំងកំរោល បណ្តាលឲ្យបាក់បង្គោលភ្លើងបេតុង និងរថយន្តរងការខ្ទេចមុខតែម្តង​ចំណែកអ្នកបើកបរពុំមានរងរបួសនោះទេ បានបើកទ្វារចុះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់មករថយន្តត្រូវបានកម្លាំងជំនាញ ចុះមកវាស់វែងនិងស្ទួចយកទៅរក្សាទុក នៅការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកអ្នកបើកបរបង្ក មកដោះស្រាយគ្នានៅពេលក្រោយ៕

រថយន្ត Camry បាឡែន បើកលឿនបោះពួយជ្រុលទៅបុកបង្គោលភ្លើង សំណាងល្អអ្នកបើករួចផុតគ្រោះថ្នាក់

Posted by Fresh News Photo on Tuesday, January 12, 2016