(ភ្នំពេញ)៖ បន្ទាប់ពីការបោះផ្សាយទទួលបានជោគជ័យកាលពីខែមេសា សញ្ញាបណ្ណសាជីវកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ត្រូវបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ដែលអនុញ្ញាតឱ្យចាប់ផ្តើមសកម្មភាពជួញដូរ។ មូលបត្របំណុលនេះ នឹងត្រូវបានជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជាក្រោមនិមិត្តសញ្ញា “PRA23A”។
សញ្ញាបណ្ណសាជីវកម្មប្រាសាក់ គឺជាសញ្ញាបណ្ណទី៦ ដែលត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងជាសញ្ញាបណ្ណទី២ ដែលត្រូវបានធានាដោយស្ថាប័ន Credit Guarantee and Investment Facility (CGIF) ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី។
ស្ថាប័ន CGIF បានធានា១០០% លើសញ្ញាបណ្ណសាជីវកម្មប្រាសាក់ ដែលបានបោះផ្សាយលក់ចំនួន ១២៧,២ ប៊ីលានរៀល ដែលមានរយៈពេល៣ឆ្នាំ ជាមួយនឹងអត្រាគូប៉ុងថេរ ៧,៥០% ក្នុងមួយឆ្នាំ។ ការបោះផ្សាយមូលបត្របំណុលលើកទី១ របស់ប្រាសាក់នេះ បង្ហាញពីការកៀរគរដើមទុនធំជាងគេតែមួយគត់ នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលធនរបស់ប្រទេសកម្ពុជា។
សញ្ញាបណ្ណសាជីវកម្ម ប្រាសាក់ ត្រូវបានចុះបញ្ជីលក់ក្រោមក្របខណ្ឌការបោះផ្សាយសញ្ញាបណ្ណពហុរូបិយប័ណ្ណអាស៊ាន+៣ (AMBIF) តាមរយៈការប្រើប្រាស់ទម្រង់ឯកសាររួម សម្រាប់ដាក់ពាក្យស្នើសុំការបោះផ្សាយក្នុងប្រទេសកម្ពុជា ស្របតាមកម្មវិធីគំនិតផ្ដួចផ្ដើមវេទិកាទីផ្សារសញ្ញាបណ្ណអាស៊ាន +៣ (ABMI)។
លោកស្រី Sun Guiying នាយកប្រតិបត្តិរបស់ ស្ថាប័ន CGIF បានថ្លែងថា «នេះជាកិត្តិយសរបស់យើង ដែលបានបញ្ចប់ប្រតិបត្តិការសម្រាប់ដំណាក់កាលទីមួយនេះ ប្រកបដោយជោគជ័យនៅកម្ពុជា នៅពេលដែលប្រទេសកំពុងស្ថិតក្នុងស្ថានភាពជំងឺឆ្លងកូវីដ១៩ និងបានទទួលការសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត»។
ប្រតិបត្តិការនេះ គឺជាការបង្កើតសម័យកាលមួយដែលមិនត្រឹមតែបង្ហាញពីការបង្កើនដើមទុនធំជាងគេតែមួយគត់ នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលធនរបស់ប្រទេសកម្ពុជាទេ ថែមទាំងជាប្រតិបត្តិការដែលផ្អែកលើទីផ្សារ និងត្រូវបានធ្វើបរិវិសកម្មទាំងអស់ដោយវិនិយោគិនទាំងក្នុងស្រុក និងបរទេស ដែលនេះជាការចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាផងដែរ ។
សញ្ញាបណ្ណនេះ ត្រូវបានបោះផ្សាយជាប្រាក់រៀល ដែល CGIF បានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការលើកតម្កើងប្រាក់រៀល នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជ្រោមជ្រែង ចំពោះតម្រូវការដើមទុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលធំជាងគេបំផុត ដើម្បីធ្វើបំណែងចែកហិរញ្ញវត្ថុ ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងរូបវន្តបុគ្គលនៅក្នុងប្រទេសអំឡុងពេលដ៏លំបាកនេះ។
លោក ស៊ីម សេនាជាតិ ប្រធាន នាយកប្រតិបត្តិរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក បានថ្លែងថា «មូលបត្របំណុលគឺជាទីផ្សាមូលធនថ្មីមួយ ដែលមានសុវត្ថិភាព និងជាជំហានមួយដ៏ប្រសើរ ក្នុងការបង្កើនដើមទុនរយៈពេលវែង។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណរបស់ប្រាសាក់ជំរុញឱ្យប្រាសាក់ អាចធ្វើពិពិធកម្មប្រភពមូលធនជាប្រាក់រៀល ទៅជាកម្ចីជាប្រាក់រៀលក្នុងការទ្រទ្រង់សហគ្រាសខ្នាតតូចបំផុត សហគ្រាសខ្នាតតូច និងមធ្យមនៅតាមជនបទ និងសហគ្រិនជាស្ត្រី ក៏ដូចជាការលើកតម្កើងការប្រើប្រាស់ប្រាក់រៀល ស្របទៅតាមការខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ឱ្យកាន់តែទូលាយ»។
សព្វថ្ងៃនេះ ក្នុងចំណោមផលបត្រកម្ចីសរុប ចំនួន ២.៦៧០ លានដុល្លាអាមេរិក មានផលបត្រកម្ចីជាប្រាក់រៀល ចំនួន១៣% និងប្រមាណជា៨០% ជា ហិរញ្ញប្បទានទៅដល់ម្ចាស់សហគ្រាសខ្នាតតូចបំផុត សហគ្រាសខ្នាតតូច និងមធ្យម ដែលជាស្ត្រី។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណនេះ នឹងត្រូវបានប្រើប្រាស់ក្នុងការផ្តល់កម្ចីជូនដល់សាខារបស់ប្រាសាក់នៅតាមបណ្ដា ភូមិ ឃុំ។ សញ្ញាបណ្ណសាជីវកម្មប្រាសាក់ ជាសញ្ញាបណ្ណដំបូងបំផុត ដែលមានការធានាដោយស្ថាប័ន CGIF ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី ដល់ស្ថាប័នហិរញ្ញវត្ថុ នៅក្នុងទីផ្សារមូលបត្រកម្ពុជា។ ជារួមនេះ គឺជាការវិនិយោគមួយដែលមិនមានហានិភ័យ សម្រាប់អ្នកវិនិយោគិន។
លោកបានបន្តទៀតថា «តាងនាមឱ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងទីប្រឹក្សាសញ្ញាបណ្ណសាជីវកម្ម ប្រាសាក់ ទាំងអស់ដែលបានជួយឱ្យសម្រេចបានលទ្ធផលជោគជ័យដូចថ្ងៃនេះ។ នេះជាសមិទ្ធផលដ៏ធំមួយរបស់ប្រាសាក់។ ខ្ញុំសូមកោតសរសើរចំពោះវិជ្ជាជីវៈ និងភាពស្មោះត្រង់របស់ទីប្រឹក្សាទាំងអស់។ លទ្ធផលនេះ នឹងមិនអាចកើតឡើងសម្រាប់ពួកយើងឡើយ ក្នុងការកៀរគរទុនដ៏ធំបំផុតនៅកម្ពុជា តាមរយៈការបោះសញ្ញាបណ្ណ អំឡុងពេលដែលមានជំងឺរាតត្បាតជាសកល ប្រសិនបើគ្មានការខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ពីក្រុមការងារ និងសង្ឃឹមថាស្មារតីដដែលនេះនឹងនៅតែបន្តនៅក្នុងគម្រោងអនាគតរបស់យើងផងដែរ»។
លោក Shuzo Shikata នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បានលើកឡើងថា ការបោះផ្សាយ និងការធ្វើបរិវិសកម្មទាំងស្រុង ដោយជោគជ័យនៃសញ្ញាបណ្ណប្រាសាក់ សឱ្យឃើញពីទំនុកចិត្តខ្ពស់របស់វិនិយោគិនចំពោះផ្សារមូលធនកម្ពុជា និងចំពោះក្រុមហ៊ុនកម្ពុជា។
លោកបន្ដថា «នេះគឺជាកិត្តិយសដ៏ធំធេងដែលយើងខ្ញុំ បានជួយសម្រួលឱ្យមានប្រតិបត្តិការនេះកើតឡើង ពោលគឺយើងបានធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុដែលឈានមុខគេនៅកម្ពុជា និងស្ថាប័ន CGIF បានរួបរួមគ្នាដើម្បីបោះផ្សាយលក់មូលបត្របំណុលធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ផ្សារមូលធនរបស់ប្រទេសកម្ពុជា»។ប្រតិបត្តិការនេះ នឹងផ្ដល់ជាផែនទីបង្ហាញផ្លូវសម្រាប់ក្រុមហ៊ុនក្នុងស្រុកដទៃទៀតដើរតាម ហើយយើងខ្ញុំទន្ទឹងរង់ចាំ នឹងសម្របសម្រួល ដើម្បីឱ្យមានការកៀរគរមូលនិធិដោយជោគជ័យបែបនេះ បន្ថែមទៀត»។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ជាគ្រឹះស្ថានដាក់ប្រាកបញ្ញើធំជាងគេបំផុតនៅកម្ពុជា ។ក្នុងខែមីនា ឆ្នាំ២០២០ ប្រាសាក់ នៅតែបន្តក្នុងការនាំមុខទីផ្សារ បើគិតពី ទ្រព្យសកម្ម ឥណទានដុល ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់ចំណេញសុទ្ធ។ តាមរយៈការពង្រីកសាខារហូតដល់ ១៨០សាខា និងម៉ាស៊ីនអេធីអឹម ចំនួន១៣៨គ្រឿង គ្របដណ្តប់ទូទាំងប្រទេស ប្រាសាក់ ផ្តល់នូវផលិតផល និងសេវាហិរញ្ញវត្ថុច្រើនសម្បូរបែបដល់សហគមន៍ និងសហគ្រាសខ្នាតតូចនៅជនបទ ប្រកបដោយនិរន្តរភាព។
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លទ្ធផលដ៏ល្អប្រសើររបស់ប្រាសាក់ ត្រូវបានបង្ហាញតាមរយៈកំណើនឥណទានដុល ដែលបានកើនឡើងដល់ ២.៧២៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើរបស់អតិថិជន ដែលបានកើនឡើងដល់ ១.៨១៨ លានដុល្លារអាមេរិក ទ្រព្យសកម្មសរុបរបស់ប្រាសាក់ បានកើនឡើងដល់ ៣.២៨១ លានដុល្លារអាមេរិក៕