(សៀមរាប)៖ នៅដើមខែឧសភា ឆ្នាំ២០២០នេះ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរាបានបន្តអនុវត្តគម្រោងជួសជុលកែលម្អផ្លូវចំនួន២កំណាត់ គឺផ្លូវព័ទ្ធជុំវិញប្រាសាទបាយ័ន្ត និងផ្លូវភ្ជាប់ពីខាងជើងប្រាសាទបាយ័ន្តទៅដល់ខ្លោងទ្វារដីឆ្នាំង។
ចំពោះការអនុវត្តការងារជួសជុលកែលម្អផ្លូវជុំវិញប្រាសាទបាយ័ន្ត ដោយអ៊ុតបេតុងកៅស៊ូ AC ពណ៌ដីក្រហម ស្រទាប់ក្រោមខ្មៅស្រទាប់លើក្រហមចាស់ កម្រាស់ ៦ សង់ទីម៉ែត្រ បន្ថែមពីលើផ្លូវចាស់ដែលមានស្រាប់ DBST ប្រវែង១,០២៤ម៉ែត្រ មានទទឹង៥ម៉ែត្រ ដើម្បីបង្កើនគុណភាព និងលើកសោភ័ណភាពផ្លូវឱ្យកាន់តែល្អប្រសើរ។
រីឯកំណាត់ផ្លូវទី២ផ្តើមចេញពីផ្លូវកែងជ្រុងខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន្តឆ្ពោះទៅខ្លោងទ្វារដីឆ្នាំងប្រវែង១,៤២៧ម៉ែត្រ មានទទឹង៦ម៉ែត្រ ដែលអ៊ុតបេតុងកៅស៊ូពណ៌ក្រហមចាស់ ប្រភេទAC គ្រោងនឹងបញ្ចប់នៅចុងខែឧសភាខាងមុខនេះ។
ក្រោយពេលសាងសង់ផ្លូវនេះរួចរាល់ អាជ្ញាធរជាតិអប្សរានឹងផ្អាកការប្រើប្រាស់ផ្លូវកៅស៊ូបច្ចុប្បន្នទាំងស្រុងដែលនៅកៀកនឹងព្រះលានជល់ដំរី ហើយកែលម្អផ្លូវនោះជាសួនដាំស្មៅ ដើមឈើ បង្កើនទេសភាពបរិស្ថានស្រស់ស្អាតនៅមុខព្រះលានជល់ដំរី ក៏ដូចជានៅក្នុងបរិវេណក្រុងអង្គរធំទាំងមូល៕