(ព្រះវិហារ)៖ លោកប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង និងជនពិការ សរុបចំនួន ៥០គ្រួសារ និងបាននាំយកសម្ភារៈ និងថវិកាប្រគេនជូនព្រះសង្ឃនៅវត្តចំនួន ក្នុងស្រុករវៀង ខេត្តព្រះវិហារ ផងដែរ។
នៅក្នុងឱកាសនោះដែរ លោក ប្រាក់ សុវណ្ណ បានថ្លែងពាំនាំនូវផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពល ពិសេសប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ពណ៌សំបុរនោះទេ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោកអភិបាលខេត្តព្រះវិហារ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើង សូមចូលរួមថែទាំសុខភាព អនាម័យក្នុងការរស់នៅជាប់ជាប្រចាំ ពិសេសត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩។
សម្ភារៈដែលផ្តល់ជូននៅពេលនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល។ ក្នុងនោះគ្រួសារអត្ថិភាព ១០គ្រួសារ ថែម សារុង១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០រៀល។ ប្រគេនព្រះសង្ឃចំនួន២វត្ត ក្នុងមួយវត្ត មី២កេសធំ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស យថវិកា ២០០,០០០រៀល។ លោកប្រាក់ សុវណ្ណ បានចូលរួមបច្ច័យកសាងវត្តក្នុងឃុំរីករាយ ចំនួន៥០០ដុល្លារ អភិបាលស្រុក ១០០ ដុល្លារ និងប្រគល់ជូនអនុសាខាស្រុក អាកុល ៥លីត្រ ម៉ាស៨ដុំផងដែរ៕