(ភ្នំពេញ)៖ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោក ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
រយៈពេល០១ម៉ោងនៃកិច្ចពិភាក្សា ដោយផ្តើមចេញពីការយល់ស្របដូចគ្នាចំពោះតួនាទីសំខាន់របស់មន្ត្រីសាធារណៈក្នុងការធានាដល់ប្រក្រតីភាពនូវរាល់សកម្មភាពនិងជីវភាពសង្គម អស់លោកទាំងពីរបានសន្យាថា នឹងរិះរកវិធីសមស្របដើម្បីឈានទៅកសាងទំនាក់ទំនងទ្វេភាគីលើវិស័យមុខងារសាធារណៈ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស សំដៅរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមានផលប្រយោជន៍ទាំងសងខាងរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា សហរដ្ឋអាមេរិក៕