(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក មួង ធី អភិបាលស្រុកឱរ៉ាល់ ដើម្បីបន្តធ្វើការផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃការរីករាលនៃវីរុសកូរ៉ូណាថ្មី (កូវីដ១៩) ដែលជាក្តី បារម្ភរបស់ពិភពលោក ជូនដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ នៅតាមមូលដ្ឋាន ភូមិ ឃុំ មួយចំនួន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ការផ្សព្វផ្សាយស្តីអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានដឹកនាំដោយលោកវេជ្ជបណ្ឌិតគិន ប៊ុនលី, លោកវេជ្ជបណ្ឌិត តូច យ៉ាន, លោក វង្ស វ៉ាន់នី, លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី, លោក នាង បូ, លោក ស៊ឹម ស៊ីដា, លោក ឈាង ហឿន អនុប្រធានប្រតិបត្តិ រួមនិងវេជ្ជបណ្ឌិតជំនាញៗ និងក្រុមគ្រូពេទ្យសរុប២៩រូប តំណាងឲ្យលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងអនុប្រធានទី១ និងជាក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំហោងសំណំ។
ដំណើរចុះណែនាំ និងផ្សព្វផ្សាយរបស់ក្រុមការគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការពី កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ, លោក មួង ធី អភិបាលស្រុកឱរ៉ាល់ ប្រធានគណបក្សស្រុក, ក្រុមការងារគណបក្សស្រុក, គណបក្សឃុំហោងសំណំ, មណ្ឌលសុខភាព ជា ស៊ឹមឱរ៉ាល់ រួមនិងសហភាពសហព័ន្ធយុវជនកម្ពុជាសរុប២៧នាក់។
ជាមួយគ្នាដែរនោះ ក្រុមការងារទាំងអស់ក៏បានណែនាំ ដល់ប្រជាពលរដ្ឋពីរបៀបនៃការលាងដៃនឹងអាល់កុល ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់នៃការចូលមេរោគក្នុងខ្លួន។ ក្រៅពីនេះក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតផងដែរ។
ជាងនេះទៅទៀត ក្រុមការងាគ្រូពេទ្យទាំងអស់ក៏បានចែកជូនថ្នាំពេទ្យ រួមនិងការពិនិត្យព្យាបាលដោយឥតគិតថ្លៃ រួមមានជំងឺ៖ ជំងឺផ្លូវចិត្ត, សន្លាក់ឆ្អឹង និងជំងឺក្រពះ ដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានគោលបំណងធំបំផុត គឺចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។
ក្រៅពីការចុះណែនាំ ផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានហើយនោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់ក៏បានចែកជូននូវនំប៉័ង និងទឹកបរិសុទ្ធជូនប្រជាពលរដ្នចំនួន៣០ខ្នងផ្ទះ សរុបមានចំនួន១៧៩នាក់។
ក្រៅពីការផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមការងារ ស.ស.យ.ក ស្រុកឱរ៉ាល់ ក៏បានពាំនាំសម្ភារមួយចំនួនដែលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងមណ្ឌលកំពង់ស្ពឺ ដែលរួមមានដូចជា៖
១៖ ទឹកអាល់កុល ៣ធុងចំណុះ ៩០លីត្រ
២៖ ទឹកអាល់កុល និងដបបាញ់ធំ ចំនួន ១០ដប
៣៖ ទឹកអាល់កុល និងដបបាញ់តូច ចំនួន ៤០ដប
៤៖ មី ១០កេស
៥៖ នំប៉័ង ២០០ដើម
៦៖ ទឹកសុទ្ធ ៥០០ដប
៧៖ សាប៊ូ ១០០ដុំ
៨៖ ម៉ាស់ ចំនួន ៥០០
៩៖ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធីទប់ស្កាត់កូវីដ១៩ ចំនួន ១០០សន្លឹក។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជានាពេលបច្ចុប្បន្នមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុប១២២នាក់ ខណៈមានអ្នកជាសះស្បើយកើនឡើងដល់១២០នាក់ហើយ នៅសល់តែ២នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕