(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកស្រី ស្រឿង វ៉ាន្នី ប្រធានក្រុមហ៊ុនមួយឡេងប៊ីយូធី បាននាំយកអាល់កុលចំនួន១០កាន (មួយកាន៣០លីត្រ) និងជែល១,០០០ដប សម្រាប់លាងសម្អាតដៃការពារ និងសម្លាប់មេរោគ ជូនដល់លោក តាំង គឹមសួរ អ្នកធ្វើការងារសង្គម ទុកសម្រាប់ចែកជូនបន្តទៅកាន់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។

ពិធីនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងផ្ទះតារាសម្ដែងគឺ លោកប៉ែន ចម្រុង ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត បានបញ្ជាក់ថា កន្លងមកលោក និងភរិយា បានធ្វើការចែកចាយអាល់កុល និងជែលនេះជូនអង្គភាពនានា ដូចជា នៅស្នងការនគរបាលរាជធានីភ្នំពេញ ជែលចំនួន២,០០០ដប អាល់កុលចំនួន១០កាន និងថវិកាចំនួន១,០០០ដុល្លារ
និងស្នងការនគរបាលខេត្តកណ្ដាល ជែលចំនួន១,០០០ដប និងអាល់កុល១៥០លីត្រ ព្រមទាំងអង្គភាពផ្សេងទៀត ទូទាំង២៥ខេត្តក្រុងទៅហើយ។

រហូតមកដល់ពេលនេះ ក្រុមគ្រួសាររបស់លោកចែកចាយនោះអស់សរុបចំនួន២០,០០០ដប និងអាល់កុលជាច្រើនកាន រួចមកហើយ ក្នុងគោលបំណងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការការពារប្រជាពលរដ្ឋ ទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដ៏កាចសាហាវនេះ។ ជាងនេះ លោក និងភរិយាក៏បានចូលរួមចំណែកជាមួយរដ្ឋាភិបាលនូវទឹកប្រាក់ចំនួន១,០០០ដុល្លារ និងជែលលាងដៃចំនួន៥,០០០ដបផងដែរ។

លោកស្រី ស្រឿង វ៉ាន្នី ប្រធានក្រុមហ៊ុនមួយឡេងប៊ីយូធី បានថ្លែងថា ក្រុមហ៊ុនលោកស្រីបានប្រគល់ជូនសម្ភារទាំងនេះ ជូនដល់លោក តាំង គឹមសួរ ព្រោះតែលោកគឺជាមនុស្សម្នាក់គំរូនៅក្នុងសង្គម ហើយក៏ជាកូនខ្មែរមួយរូបដែលតែងជួយសង្គម និងប្រជាពលរដ្ឋដែលក្រីក្រ ហើយចំណាយពេលវេលាខ្លួនទៅផលិតជែលចែកជូនប្រជាពលរដ្ឋផងដែរ៕