(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិករបស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅភូមិគ្រឹះសម្តេចតេជោ ក្បែរវិមានឯករាជ្យ។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២៖១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
ការចូលគោរពវិញ្ញាណក្ខន្ធដោយ លោក កឹម សុខា នាពេលនេះបានធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសាររបស់សព ខណៈដែលលោក កឹម សុខា ក៏បានផ្ញើសារទៅកាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។
លោក កឹម សុខា បានសរសេរក្នុងសាររំលែកទុក្ខនោះយ៉ាងដូច្នេះថា៖ «មរណភាពរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា ជីដូន ដែលជាអ្នកមានគុណដ៏ធំធេង ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌»។
លោកបន្តថា «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមរំលែកនូវមរណទុក្ខដោយសេចក្តីសោកស្តាយជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រា បុត្រី ចៅ ចៅទួត ព្រមទាំងសាច់ញាតិក្រុមគ្រួសារទាំងអស់នៃសព ដោយសេចក្តីសង្វេគក្រៃលែង។ ភរិយាខ្ញុំ និងរូបខ្ញុំ សូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជំរាបថា លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយវីដេអូមួយ ដែលលោកសារភាពពថា លោកអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក លោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។
រហូតដល់ពេលនេះលោក កឹម សុខា មិនបានរួចផុតពីការចោទប្រកាន់នៅឡើយទេ ដោយតុលាការកំពុងតែបន្តនីតិវិធីសវនាការលើសំណុំរឿងរបស់លោក ជាបន្តបន្ទាប់។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»៕