(ភ្នំពេញ)៖ ទៅថ្ងៃអនាគត អាជ្ញាធរជាតិអប្សរាមានគម្រោងបោះបង្គោលព្រំកំណត់ តំបន់ការពារបុរាណដ្ឋានផ្សេងៗទៀតនៅក្នុងខេត្តសៀមរាបទាំងមូល ដែលមន្ត្រីបច្ចេកទេសរបស់ខ្លួន បានកំណត់តំបន់ការពាររួចហើយ ក្នុងគោលបំណងថែរក្សាការពារ និងអភិរក្សបុរាណដ្ឋានសម្រាប់ទុកជាមរតកវប្បធម៌ប្រវត្តិសាស្រ្ត និងជាបេតិកភណ្ឌជាតិ ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយសិក្សា ស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ខ្លួនផង និងដើម្បីបម្រើវិស័យទេសចរណ៍ផង។
ជាក់ស្ដែងនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប សាលាក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន ចុះបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណឈ្មោះ «ត្រពាំងហែផ្កា» ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ការបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណខាងលើនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការរុករានទន្រ្ទានចូលកាន់កាប់ដីបរិវេណត្រពាំងបុរាណ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ពីសំណាក់ប្រជាពលរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕