(សៀមរាប)៖ ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានការសហការពីនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការ សម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងមានការឯកភាពពីលោកស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចនគរបាលផែនការងារសន្តិសុខខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរអាវុធខុសច្បាប់ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ ដែលបានដឹកនៃកម្លាំងផ្ទាល់ចុះចាប់ខ្លួនជនសង្ស័យរូបនេះបានឲ្យបណ្ដាញអង្គភាព Fresh News ដឹងថា កម្លាំងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាអ្នកអនុវត្តបានធ្វើការស្រាវជ្រាវរកឃើញ អនុវត្តដីការបញ្ជាឲ្យចូលខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ អ៊ុ ពេជ្ររស្មីឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ ដែលមានទីលំនៅភូមិស្វាយដង្គុំ សង្កាត់ ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដែលបានធ្វើសកម្មភាព បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក លក់នៅ អាវុធពិត អាវុធប្រើហ្គាស បាញ់គ្រាប់ដែក គ្រាប់ជ័រ ដែលជាអំពើចរាចរណ៍ជួញដូរអាវុធខុសច្បាប់ នៅក្នុងខេត្តសៀមរាប។
ក្រោយការសាកសួរ សាមីខ្លួនបានឆ្លើយសារភាព ថា ខ្លួនពិតជាបាន ធ្វើសកម្មភាពជួញដូរអាវុធ ដោយខុសច្បាប់មែន ហើយកន្លងមកបានលក់ចេញនូវអាវុធពិតចំនួន ២ដើម និងអាវុធប្រើហ្គាស ប្រើគ្រាប់ដែកជ័រ បានជាច្រើនដើម ទៅតាមបណ្ដាខេត្ត និងរាជធានី ហើយពេលឆែកឆេផ្ទះ បានរកឃើញកាំភ្លើងប្រភេទហ្គាសចំនួន ៣ដើម និងគ្រាប់ពិតចំនួន ១០០គ្រាប់ គ្រាប់ដែក ៤ប្រអប់ គ្រាប់ជ័រ ដបហ្គាសមួយចំនួនទៀត។
បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់៕