(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានថ្លែងថា ទីផ្សារអាស៊ាន-ឥណ្ឌា មានអតិថិជនប្រមា ណ ១,៨ពាន់លាននាក់ ប៉ុន្តែទំហំពាណិជ្ជកម្ម និងការវិនិយោគនៅមិនទាន់មានទ្រង់ទ្រាយធំ ហើយវិស័យឯកជន ក៏មិនទាន់បាន ទាញយកអត្ថប្រយោជន៍ពេញលេញពីសក្កានុពលសេដ្ឋកិច្ចរបស់អាស៊ាន-ឥណ្ឌានៅឡើយ។
ការថ្លែងរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំលើកទីបីស្តីពីធុរ កិច្ច នៃបណ្តាប្រទេស CLMV-ឥណ្ឌា (3rd India-CLMV Business Conclave) ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ច នៃបណ្តាប្រទេស CLMV-ឥណ្ឌា៖ ការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃក្នុងតំបន់» នៅទីក្រុង Chennai ប្រទេសឥណ្ឌា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី Nirmala Seetharaman រដ្ឋមន្ត្រីពាណិជ្ជកម្ម និង ឧស្សាហកម្ម រដ្ឋាភិបាល ឥណ្ឌា ដោយមានការអញ្ជើញចូលរួមពីវិស័យឯកជនពីប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យឡាវ មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌា។
ក្នុងសុន្ទរកថា ដែលបានថ្លែងក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការចូលរួមរបស់ឥណ្ឌាក្នុង ខ្សែសង្វាក់តម្លៃនៅក្នុងតំបន់ (RVCs) នៅមានកម្រិតទាបបើប្រៀបធៀបប្រទេសដទៃទៀតក្នុងពិភពលោក។ ការបង្កើតរោងចក្រ ផលិតនៅបណ្តាប្រទេស CLMV អាចជួយឲ្យប្រទេសឥណ្ឌា ប្រើប្រាស់ និងទាញយកប្រយោជន៍ពីបណ្តាញខ្សែសង្វាក់តម្លៃរួមនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍បានផងដែរ។
លោកទេសរដ្ឋមន្រ្តី បានបន្តថា ជាមួយនឹងតំបន់មានភាពទាក់ទាញសម្រាប់ការផលិតទីផ្សាររបស់បណ្តាប្រទេស CLMV មានទំ ហំធំធេងផងដែរ សម្រាប់ផលិតផលឥណ្ឌា។ CLMV មានប្រជាជនប្រមាណ ១៦៥លាននាក់ ដែលមានប្រាក់ចំណូលកើនឡើង ហើយប្រជាជនវណ្ណៈកណ្តាល ក៏មានការរីកយ៉ាងឆាប់រហ័សផងដែរ។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងដូច្នេះ «អាស៊ាន និង ឥណ្ឌាមានទីផ្សាររួមគ្នា ដោយមានអតិថិជនប្រមាណ ១,៨ពាន់ លាននាក់។ ប៉ុន្តែទំហំពាណិជ្ជកម្ម និង ការវិនិយោគនៅមិនទាន់មានលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ ម៉្យាងវិញទៀតវិស័យឯក ជន ក៏មិនទាន់បានទាញយកអត្ថប្រយោជន៍ពេញលេញពី សក្កានុពលសេដ្ឋកិច្ចរបស់អាស៊ានផងដែរ»។
លោកទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់អង្គប្រជុំផងដែរអំពីការអភិវឌ្ឍសេដ្ឋកិច្ចថ្មីៗ និងកំណែទម្រង់សំខាន់ៗ ដែលសម្រេចបាន និងកំពុងអនុវត្តនៅក្រសួងពាណិជ្ជកម្មរបស់កម្ពុជា។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់អំពីការដាក់ឲ្យដំណើរការ ប្រព័ន្ធស្វ័យ ប្រវត្តិកម្មថ្មីៗ សម្រាប់ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងការចុះបញ្ជីពាណិជ្ជកម្ម ដែលបានបើកទទួល ពាក្យជាសាធារណៈនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦។ ប្រព័ន្ធស្វ័យប្រវត្តកម្មទាំងពីរនេះ សុទ្ធតែជានីតិវិធីថ្មីៗ ជួយសម្រួលដល់ ការវិនិយោគ។
រដ្ឋមន្រ្តី ដែលទទួលបានភាពលេចធ្លោក្នុងការធ្វើកំណែទម្រង់លើវិស័យពាណិជ្ជកម្មនៅកម្ពុជានៅអាណត្តិថ្មី នៃរាជរដ្ឋាភិបាល លោក ស៊ុន ចាន់ថុល ក៏បានកត់សម្គាល់ផងដែរអំពីអត្ថប្រយោជន៍នានា ក្នុងការវិនិយោគនៅកម្ពុជា ជូនដល់ធុរជនមកពីបណ្តាប្រ ទេសនានា ដែលបានចូលរួមក្នុងកិច្ចប្រជុំ។
អំណោយផល និងអត្ថប្រយោជន៍ក្នុងការវិនិយោគនៅកម្ពុជានោះ មានដូចជា៖ គម្រោងអ្វីៗ គ្រប់យ៉ាងលើកលែងអាវុធ (EBA) (ដែលផ្តល់ជូនដោយសហភាពអឺរ៉ុប) និង ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ដែលផ្តល់ដោយបណ្តាប្រទេសជាច្រើន ដល់ប្រ ទេសកម្ពុជា និងសារសំខាន់ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (IDP) ដែលទើបត្រូវបានអនុម័តនាពេលថ្មីៗនេះ ដើម្បី អភិវឌ្ឍប្រទេសឲ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ដូចជា៖ ការបង្កើតការងារធ្វើ ការកាត់បន្ថយភាពក្រីក្រ និង ការលើកកម្ពស់ ជីវភាពរស់នៅប្រកបដោយសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជា៕