(បន្ទាយមានជ័យ)៖ លោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែងតែងតាំង លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត អនុប្រធានមន្ទីរសុខាភិបាល ជាប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ជំនួសលោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ត្រូវចូលនិវត្តន៍។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាងលោក លោកស្រី សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ប្រធានមន្ទីរសុខាភិបាល បណ្តាខេត្តមួយចំនួន មន្ត្រីបុគ្គលិកសុខាភិបាលជុំវិញខេត្ត បានចូលរួមផងដែរ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ។
ថ្លែងនាឱកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានកោតសសើរចំពោះមន្ត្រីសុខាភិបាល ខេត្តបន្ទាយមានជ័យ បានខិតខំយកចិត្តទុកដាក់ ធ្វើការងារបម្រើជាពលរដ្ឋនៅពេលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅក្នុងប្រទេស ត្រូវបានពិនិត្យ និងព្យាបាលដោយយកចិត្តទុកដាក់ ដោយមិនខ្លាចនឿយហត់ឡើយ។ ម្យ៉ាងវិញទៀត ក្រុមការងាររបស់បុគ្គលិកសុខាភិបាលជួរមុខ បានខិតខំយ៉ាងយកចិត្តទុកដាក់ ក្នុងការចាំទទួលពិនិត្យសុខភាព ជូនបងប្អូនពលករដែលទើបត្រលប់ មកពីប្រទេសថៃ ពីពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ន។
លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រោយពេលប្រកាសតែងតាំង ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យថ្មី ដោយប្រធានមន្ទីរចាស់ ត្រូវបានចូលនិវត្តន៍ ក្រោយពេលទទួលភារកិច្ចថ្មី ត្រូវសហការគ្នាល្អជាមន្ត្រីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទឲ្យល្អ។
ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ ក៏បានជំរុញដល់មន្ត្រីសុខាភិបាល ត្រូវខិតខំយកចិត្តទុកដាក់ ស្របពេលបណ្តាប្រទេសទូទាំងពិភពលោក បានកំពុងរាតត្បាត ជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហានេះ ដោយបានដាក់វិធានការបង្ការ និងទប់ស្កាត់ពីការរាតត្បាតនៃជំងឺកូវីដ១៩។
លោកសាស្ត្រាចារ្យ អេង ហួត បានបញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩ នៅមិនទាន់បានធូរស្រាលឡើយ គឺស្ថិតនៅដំណាក់កាលភ្លើងពណ៌លឿងនៅឡើយ ដូច្នេះ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់។
លោករដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានតឿនរំលឹកដល់មន្ត្រីសុខាភិបាល ត្រូវបន្តខិតខំផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យមាន ការយល់ដឹង និងត្រូវចូលរួមអនុវត្តន៍វិធានការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ដោយត្រូវអនាម័យខ្លួនប្រាណ និងលាងសម្អាតដៃ ជាមួយសាប៊ូ ឬអាកុល ពាក់ម៉ាស់នៅពេលធ្វើដំណើរចេញក្រៅផ្ទះ។ ហើយបើមានបងប្អូន មកពីមកពីក្រៅប្រទស ត្រូវណែនាំឲ្យពួកគាត់ នៅដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីធ្វើការតាមដានស្ថានភាព ហើយបើមានករណីសង្ស័យសូមទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យតាមដានដោយក្រុមគ្រូពេទ្យ។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ អេង ហួត ក៏បាននាំយកអំណោយ របស់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រគល់ជូនក្រុមការងារសុខាភិបាលខេត្ត សម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃផងដែរ៕