(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន នៅកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងត្រូវបានបញ្ជូនទៅកាន់តុលាការចាត់ការ តាមច្បាប់នាថ្ងៃនេះ។
បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ គុជ ទ្រី អាយុ៦៣ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ២២៧E0 ផ្លូវ១៨២ ភូមិ១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឈៀង ភាច ភេទស្រី អាយុ៦៣ឆ្នាំ។
ជនរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ខ្លួនបានទិញរថយន្តមួយគ្រឿងម៉ាកឡង់គ្រីសឺ សេរី២០១០ ពាក់ស្លាកលេខ 2U-6363 ពីជនសង្ស័យឈ្មោះ គុជ ទ្រី ក្នុងតម្លៃ ៦៦,០០០ដុល្លារ។ នៅពេលទិញរថយន្តនោះ ឈ្មោះ គុជ ទ្រី មិនបានប្រគល់បណ្ណសម្គាល់រថយន្ដ (កាតគ្រី) ឲ្យជនរងគ្រោះភ្លាមៗនោះទេ និងបានសន្យាថា ចាំប្រគល់ជូនជនរងគ្រោះនៅ ក្នុងរយៈពេល ១សប្ដាហ៍ក្រោយ។
ស្រាប់តែជនសង្ស័យ គេចខ្លួនរហូតទាក់ទងមិនបាន និងមិនព្រមយកបណ្ណសម្គាល់រថយន្ដ ទៅប្រគល់ចជូនជនរងគ្រោះ។ ក្រោយពីស្រាវជ្រាវ ទើបជនរងគ្រោះដឹងថា ជនសង្ស័យបានយក បណ្ណសម្គាល់រថយន្ត ទៅបញ្ចាំនៅស្ថាប័នមីក្រូហិរញ្ញវត្ថុតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។ ព្រោះតែអំពើរបស់ជនសង្ស័យធ្វើឲ្យខាងបង់ប្រយោជន៍របស់ជនរងគ្រោះ ទើបជនរងគ្រោះបានសម្រេចដាក់ពាក្យប្ដឹងទៅសមត្ថកិច្ច ឲ្យជួយរកយុត្តិធម៌៕