(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ សហភាពការងារកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនៅមុខក្រុមហ៊ុនកាពីតូល បង្កជាហិង្សាឈានដល់មានកម្មករ និយោជិតរងរបួសធ្ងន់ និងស្រាល៥នាក់។ ការតវ៉ានៅខាងមុខក្រុមហ៊ុនកាពីតូលគឺជាការតវ៉ា ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិត ដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥។
សហភាពការងារកម្ពុជាបានថ្កោលទោសក្រុមបង្កហេតុ មួយក្រុមដែលសង្ស័យថា ដឹកនាំដោយក្រុមហ៊ុនកាពីតូល បានវាយឲ្យកម្មករនិយោជិតជាច្រើននាក់ ដែលកំពុងធ្វើកូដកម្មប្រឆាំងក្រុមហ៊ុនកាលពីតូលរងរបួស។
សេចក្តីថ្លែងការណ៍ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា ការវាយប្រហារលើកម្មករនិកយោជិតធ្វើឲ្យរងរបួសធ្ងន់ និងស្រាល៥នាក់ ជាទង្វើមួយមិនអាចទទួលយកបាននោះទេ។ លើសពីនេះទៅទៀត នៅពេលក្រុមជនល្មើស កំពុងប្រព្រឹត្តសកម្មភាព នៅទីសាធារណៈ អាជ្ញាធរ ប៉ូលិស បែរជាឈរមើលទៅវិញ។ សហភាពការងារកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា នឹងបន្តជួយដោះស្រាយបញ្ហាជូនសមាជិកនៅក្នុងក្រុមហ៊ុន កាពីតូលដល់ទីបញ្ចប់។
បើគ្មានការដោះស្រាយអំពើហិង្សានេះទេ សហភាពការងារកម្ពុជា នឹងធ្វើបាតកម្មទ្រង់ទ្រាយធំប្រឆាំង នឹងក្រុមហ៊ុន កាលពីតូល និងអាជ្ញាធរនៅថ្ងៃខាងមុខ។ កម្មករ និយោជិតសូមអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសជ្រាបថា ក្រុមហ៊ុនកាពីតូល បានរំលោភច្បាប់ស្តីពីការងារជាង១០ឆ្នាំមកហើយ ពេលកម្មករនិយោជិកបង្កើតសហជីព ដើម្បីលើកកំពស់លក្ខខណ្ឌការងាររបស់ពួកគេ ក្រុមហ៊ុនក៏បានបញ្ឈប់ថ្នាក់ដឹកនាំ សហជីពទាំងអស់ដោយយកលេសថា កាត់បន្ថយបុគ្គលិក។
សហភាពការងារកម្ពុជា បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យមើលក្រុមអាជ្ញាធរដែនដី នៅកន្លែងកើតហេតុ សូមឲ្យអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយក៏បានស្នើរឲ្យតុលាការចោទប្រកាន់ក្រុមជនល្មើស និងបក្សពួក យកមកដាក់ទោសតាមច្បាប់ ព្រមទាំងសងជំងឺចិត្តដល់កម្មករ រងគ្រោះផង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល ៥០នាក់ បាននាំគ្នា តវ៉ាខាងមុខក្រុមហ៊ុនជិតផ្សារអូរឫស្សី រាជធានីភ្នំពេញទៀតទាមទារឲ្យ ក្រុមហ៊ុនកាពីតូល ព្រមចរចា និងយកពួកគាត់ចូលធ្វើការវិញ៕