(ភ្នំពេញ)៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ប្រគល់-ទទួលប្រព័ន្ធផ្កាយរណបតេជោ DTV ចំនួន៥០ ឈុត សម្រាប់បើកទស្សនាប៉ុស្តិ៍ ទូរទស្សន៍ ទទក២ TVK2 ដែលចាក់ផ្សាយកម្មវិធីបង្រៀនពីចម្ងាយ និងសិក្សាតាមប្រព័ន្ធអេឡិកត្រូនិក ជាអំណោយ របស់ក្រុមហ៊ុន Cambodia DTV Network Limited ផ្តល់ជូនដល់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត-រាជធានី នាទីស្តីការក្រសួងព័ត៌មាន។
នាឱកាសនោះដែរលោក ខៀវ កាញារីទ្ធ បានលើកឡើងថា បន្ទាប់ពីមានកិច្ចសហការគ្នា រវាងក្រសួងព័ត៌មាន និងក្រសួងអប់រំ កម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning» ត្រូវបានចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ថ្មី ទទក២ ឬ TVK2 ផ្សាយតាមប្រព័ន្ធផ្កាយរណបតេជោ DTV តាមរយៈ App ក្រសួងព័ត៌មាន និងតាមបណ្តាខ្សែកាប រាជធានី-ខេត្តជាច្រើន រហូតមកដល់ពេលនេះ មានរយៈពេលជិត ២០ថ្ងៃ។
លោករដ្ឋមន្រ្តី បានបន្តថា ប៉ុស្តីទូរទស្សន៍ ទទក ២នេះ បានបង្កើតឡើងដោយមិនបានចំណាយថវិការដ្ឋនោះទេ ហើយក៏មិនមានការជ្រើសរើសមន្រ្តីថ្មីមកធ្វើការដែរ ដោយក្នុងនោះ ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបែងចែកធ្វើការងារពីរពេល។ តាមរយៈកិច្ចការងារនេះដែរ ទូរទស្សន៍ជាតិកម្ពុជា បានគ្រោងរៀបចំបង្កើតជាស្ទីតយោថ្មីបន្ថែមទៀត ដូច្នេះ បើខាងក្រសួងអប់រំ យុវជន និងកីឡា ចង់ថតពីការបង្រៀនឱ្យបានកាន់តែល្អ និងមានគុណភាពខ្ពស់ជាងនេះ គឺក្រសួងព័តមាន និងធ្វើកិច្ចសហការ ក្នុងការថតចាក់ផ្សាយ។
ឆ្លៀតក្នុងឱកាសនោះលោក ខៀវ កាញារីទ្ធ បានកោតសរសើរ ចំពោះទេពកោសល្យដ៏ពូកែរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀងដោយគ្មានសិស្ស ថតផ្សាយតាមទូរទស្សន៍ ហើយទទួលការគាំទ្រ ពីសិស្សានុសិស្សយ៉ាងច្រើនថែមទៀតផង។ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនដែរថា នៅពេលសាលារៀន បើកឱ្យសិស្សចូលរៀនវិញក៏ដោយតែប៉ុស្តី ទទក ២នេះ នៅតែចាក់ផ្សាយកម្មវិធីអប់រំផ្សេងៗ បន្ថែមទៀត ហើយក៏នៅធ្វើកិច្ចសហការជាមួយក្រសួងអប់រំ យុវជននិងកីឡាដដែល។
លោករដ្ឋមន្រ្តី ហង់ ជូនណារ៉ុន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងទាំង២ ដែលនាំមកនូវលទ្ធផលល្អប្រសើរ ហើយជាមួយនេះ លោកក៏បានអរគុណចំពោះ តេជោ DTV ដែលបានផ្តល់នូវសម្ភារបរិក្ខាទាំងអស់នេះ ដល់ក្រសួងអប់រំ ដើម្បីជូនទៅតាមបណ្តា មន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ ខេត្ត-រាជធានី និងតាមគ្រឹះដ្ឋានបណ្តុះបណ្តាលគ្រូ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការថតកម្មវិធីបង្រៀន ពីថ្នាក់ទី១ ដល់ទី១២ ហើយចាក់តាមទូរទស្សន៍នេះ បានបង្កើនអាត្រាសិស្ស រៀនច្រើន ដោយសារកន្លងមករៀន តាមការផ្សាយក្នុងប្រព័ន្ធ Facebook YouTube និងតាមប្រពន្ធ័ E-Learning របស់ក្រសួងអប់រំ ប៉ុន្តែសិស្ស នៅតាមទីជនបទ មិនបានទទួលការបង្រៀននេះ បានគ្រប់គ្រាន់នោះទេ។ ដូច្នេះ សម្រាប់ប៉ុស្តី ទទក២ គឺបានផ្តល់ឱកាសដល់សិស្សក្រីក្រ នៅតាមជនបទទទួលបានការអប់រំ តាមរយះការ ផ្សព្វផ្សាយ នៅគ្រប់ទីកន្លែង ។
លោក ហង់ ជូនណារ៉ុន បានបន្ថែមទៀតថា សម្រាប់ការបង្រៀនតាមទូរទស្សន៍នេះដែរ ក៏ជាការឱកាសមួយសម្រាប់គ្រូ នៅតាមជនបទ បើកមើលពីការបង្រៀនរបស់គ្រូល្អៗ និងមានទេពកោសល្យ ហើយធ្វើកែលំអរពីវិធីសាស្ត្របង្រៀនដោយខ្លួនឯង បានដោយមិនចាំបាច់ អញ្ជើញគាត់មកចូលរួមសិក្ខាសាលានៅភ្នំពេញ ហើយមិនបាច់ចំណាយថវិកានោះទេ។
លោក ហង់ ជូនណារ៉ុន ក៏បានឱ្យដឹងថា ជំងឺកូវីត១៩ បង្កើតជាបញ្ហា ប៉ុន្តែក្រសួងអប់រំ និងក្រសួងព័ត៌មាន បានសហការគ្នាប្រែក្លាយវិបត្តនេះ ឱ្យក្លាយជាកាលានុវត្តន៍ភាព ឬជាឱកាសដ៏ល្អ ដើម្បីធ្វើការកែលំអរនូវកិច្ចការងារបង្រៀនដោយផ្ទាល់មករៀនតាមទូរទស្សន៍ និងទូរស័ព្ទដៃវិញ។ តារយៈនេះក្រសួងនឹងបន្តធ្វើការកែលំអរការបង្រៀនពីចម្ងាយនេះ បានកាន់តែល្អបន្ថែមទៀត ដើម្បីឱ្យសិស្សទទួលបានផលល្អ ជាពិសេសសិស្ស ក្រីក្រ ព្រោះពីមុនអត់មានលុយ មិនអាចទៅរៀនគួរបាននោះទេ ប៉ុន្តែឥឡូវមិនបាច់ទៅរៀនគួរ និងកាត់បន្ថយការចំណាយរបស់សិស្សថែមទៀតផង តាមរយៈការរៀនពីចម្ងាយដោយមើលទូរទស្សន៍ និងទូរស័ព្ទដៃតែម្តង។
នៅក្នុងឱកាសនោះ លោក បាន ភុត ទីប្រក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមហ៊ុន Cambodia DTV Network Limited ប្រចាំកម្ពុជា បានធ្វើបទបង្ហាញទាក់ទង ប្រព័ន្ធផ្កាយរណប តេជោ DTV នៅកម្ពុជា ផ្សាយនៅប៉ុស្តិ៍ ២២ និងប៉ុស្តិ៍ ៣២ កម្មវិធីបង្រៀនពីចម្ងាយដែលអាច ឱ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ប្រព័ន្ធនេះ បើកមើលបាននៅទូទាំងប្រទេសដោយឥតគិតថ្លៃ។
ជាការរំឮកដែរថា កានៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងអប់រំ យុវជន និងកីឡា លោក ខៀវ កាញារីទ្ធ និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់រវាង ក្រសួងទាំង២ ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning» លើប្រពន្ធ័ ទូរទស្សន៏ជាតិកម្ពុជា និង App ក្រសួងព័ត៌មាន៕