(កំពង់ឆ្នាំង)៖ ទីទួលបុរាណជាច្រើនកន្លែង ដែលបានបន្សល់ទុកពីសម័យលង្វែក និងមុនសម័យលង្វែក នៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន បានក្លាយជាតំបន់ ទេសចរណ៍ដ៏ប្រណីត ដែលស្រូបបានទាំងភ្ញៀវជាតិ និងអន្តរជាតិ បានទៅទស្សនាកម្សាន្ត និងសិក្សាអំពីប្រវត្តិសាស្ត្រ របស់ទីទួលបុរាណនីមួយៗ ដែលបានបន្សល់ទុកពីសម័យបុរាណកាលមក។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោក សាយ សន្យា បានចុះទៅដល់ទីទួលប្រាសាទបុរាណមួយកន្លែងដែលមានឈ្មោះថា ទួលប្រាសាទកាត់ក្តី។ ទួលប្រាសាទបុរាណមួយនេះ ស្ថិតនៅក្នុងព្រៃដាច់ស្រយាល ពីអ្នកភូមិដែលបច្ចុប្បន្នត្រូវបានគេហៅថា «ប្រាសាទតុលាការ» ទីទួលប្រាសាទនេះដែរ ស្ថិតនៅភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកតាម្នាក់ដែលនៅប្រចាំការទីនោះ បានឲ្យដឹងថា ទីទួលនេះគឺជាប្រាសាទបុរាណ ដែលបានកសាងតាំងពីសម័យព្រះបាទអង្គច័ន្ទ។ រីឯទ្រង់ទ្រាយ និងសុភ័ណភាពមួយ ចំនួនដែលអាចរក្សា បានមកដល់បច្ចុប្បន្ននេះ គឺក្រោមការជួយជ្រោមជ្រែង ថែទាំដោយស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមទាំងសប្បុរសជនផ្សេងៗ ទាំងក្រៅស្រុក និងក្នុងស្រុកដែលបានកសាងថែទាំតាំងពីឆ្នាំ២០០៤មក។
ទីតាំងប្រាសាទតុលាការនេះ មិនមានព្រះសង្ឃគង់នៅឡើយ មានតែលោកតា១នាក់ និងលោកយាយ ២នាក់ប៉ុណ្ណោះ ដែលនៅថែទាំបោសសំអាត ជាទីកន្លែងដែល សម្រាប់គោរពបូជា បែបព្រះពុទ្ធសាសនា។
លោកតាបានបញ្ជាក់ទៀតថា មុនពេលដែលមិនទាន់មានវីរុសកូរ៉ូណា ប្រាសាទតុលាការនេះ តែងតែទទួលបានភ្ញៀវទេសចរទាំងបរទេស ទាំងភ្ញៀវជាតិមិនដែល ដាច់នោះឡើយ។ ប៉ុន្តែចាប់តាំងពីមានករណីនៅជំងឺ ឆ្លងរាតត្បាតវីរុសកូរ៉ូណាមកទីទួលប្រាសាទតុលាការនេះ ក៏មានសភាពស្ងាត់ជ្រងំ មិនសូវមានភ្ញៀវទេសចរណ៍ មកលេងកម្សាន្តនោះឡើយ រាល់អ្នកដែលមកកម្សាន្តជិតឆ្ងាយ គឺតែងតែមកអុជធូប សុំរិទ្ធិបារមីនៅទីនេះ និងសុំនូវសេចក្តីសុខ សេចក្តីចម្រើន ដើម្បីសម្រេច នូវបំណងប្រាថ្នា របស់ពួកគេរាងៗខ្លួន។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះថា ទីទួលប្រាសាទចាស់បុរាណ នៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាចទាំងអស់ ដែលបានចុះបញ្ជីមានចំនួន ៣២ទីទួល ដោយទីទួលប្រាសាទបុរាណខ្លះ បានបន្សល់ទុកតាំងពីសតវត្សរ៍ទី ៧ឬសតវត្សទី៨ មុនសម័យលង្វែក និងទីទួលខ្លះបានបន្សល់ទុកនៅសម័យលង្វែក។
ទីទួលបុរាណភាគច្រើន ដែលមិនមានសំណង់ប្រាសាទ ឬក៏សំណង់ផ្សេងៗសម្រាប់ទុកជាភស្តុតាងនោះ គឺពុំទាន់បានស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រនៅឡើយនោះទេ លុះត្រាតែធ្វើកំណាយ ដើម្បីរកវត្ថុតាងនៅក្នុងដីសិនទើបបញ្ជាក់បាន។ រីឯនៅលើទីទួលមួយចំនួនដែលគេឃើញមានសំណង់នោះ គឺទើបតែធ្វើការសាងសង់ថ្មីៗ ជំនាន់ក្រោយនេះទេ។
ទីទួលភាគច្រើនក៏គេសង្កេតឃើញមានបន្សល់ទុកនៅ ឫសសីមាជាច្រើននៅលើទីទួលនិមួយៗផងដែរ ក៏ប៉ុន្តែយើងមិនអាចបញ្ជាក់បានថា តើគ្រឹះសីមាទាំងនេះវាជាគ្រឹះសីមារបស់វត្តប្រាង្គប្រាសាទ ឬក៏ជាផ្ទះមហាសេដ្ឋីពីជំនាន់ដើមនោះនៅឡើយទេ លុះត្រាតែធ្វើកំណាយសិនទើបអាចបញ្ជាក់បាន។
ដោយឡែកទួលបុរាណមួយ ដែលគេហៅថា ទួលកាត់ក្តី បច្ចុប្បន្នត្រូវបានអ្នកស្រុកហៅថា ទូលតុលាការនោះប្រហែលជាពីសម័យបុរាណ្យគឺសម្រាប់កាត់ក្តី ទើបមានឈ្មោះជាប់រហូតមកដល់សព្វថ្ងៃ ទីទួលនេះផងដែរត្រូវបានលោកស្រី ម៉ែន សំអន និងនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ បានកសាងសំណង់នៅលើទីទួលនេះ ទុកសម្រាប់ប្រជាពលរដ្ឋគោរពបូជា ក៏ដូចជាសម្រាប់ភ្ញៀវទេសចរ ដើម្បីមកទស្សនាកំសាន្ត និងបានស្គាល់អំពីប្រវត្តិសាស្ត្រទីទួលបុរាណមួយនេះផងដែរ។
សូមបញ្ជាក់ផងដែរថា ទីទួលកាត់ក្តីឬប្រាសាទតុលាការនេះស្ថិតនៅក្នុងភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើបងប្អូនចង់មកទស្សនាទីទួលប្រាសាទ បុរាណប្រវត្តិសាស្ត្រមួយនេះ គឺត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ហួសផ្សារត្រាច១គីឡូ ម៉ែត្របត់ស្ដាំ តាមផ្លូវកៅស៊ូចូលតាមក្លោងទ្វាវត្តតាឡែងកែង ធ្វើដំណើរពីថ្នល់ ជាតិលេខ៥ ចូលមកប្រមាណជា២គីឡូម៉ែត្រ បត់ខាងស្ដាំដៃ ចូលតាមក្លោងទ្វារវត្តព្រះឥន្ទទេព ពេលចូលដល់វត្តព្រះឥន្ទទេព អាចសួរព័ត៌មានពីសង្ឃគង់នៅទីនោះ យើងនឹងបានឃើញទីទួលប្រាសាទតុលាការ និងទីទួលប្រាសាទបុរាណជាច្រើនទៀត ដែលនៅក្បែរៗគ្នា ចម្ងាយតែ១៥០ម៉ែត្រទៅ ២០០ម៉ែត្រពីគ្នាតែប៉ុណ្ណោះ៕