(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) ជួយសិក្សាស្រាវជ្រាវរកឱ្យឃើញ នូវចំណុចខ្វះខាត ក៏ដូចជាការធ្វើយ៉ាងណាឱ្យការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស ជាពិសេស ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ គោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា គោលនយោបាយ ជាតិស្តីពីការងារ និងមុខរបរ និងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាន់តែឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
ទន្ទឹមនឹងនេះ ក្រសួងក៏បានខិតខំជំរុញវិស័យនេះ តាមរយៈការពង្រឹងយន្តការរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល ការពង្រីកនឹងពង្រឹងយន្តការក្រុមការងារចម្រុះរដ្ឋ ឯកជន និងដៃគូរនានា ការបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោយរៀបឱ្យចំមានជាផែនការមេ សំដៅធានាពង្រឹងសមត្ថភាព និងប្រសិទ្ធភាពដល់ការប្រតិបត្តិ ដល់របស់វិទ្យាស្ថានទាំង ៣៨ នៅក្រោមឱវាទក្រសួង។
ក្រៅពីនេះ តើគួរមានយន្តការជំរុញលើកទឹកចិត្តដល់វិស័យឯកជន ដែលចង់វិនិយោគលើវិស័យសិក្សាធិការឱ្យងាកមកបើកគ្រឹះស្ថានសិក្សាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យមានចំនួនកាន់តែច្រើន ដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញក្នុងវិស័យមួយនេះ យកមកបំពេញតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ លើកទឹកចិត្តសិស្សដែលចប់មធ្យមសិក្សាអាចងាកមករៀនចាប់យកជំនាញវិជ្ជាជីវៈណាមួយសិន ដើម្បីបានការងារធ្វើហើយ បើចង់រៀនបន្តដល់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតអាចរៀនបន្តបាន។
ការស្នើយ៉ាងដូច្នេះរបស់លោក អ៉ិត សំហេង ត្រូវបានធ្វើឡើងនាឱកាសអនុញ្ញាតឲ្យលោក ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថាន CDRI ជួបសម្តែងការគួរសម និងជម្រាបពីគម្រោងស្រាវជ្រាវលើការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់វិទ្យាស្ថាន នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។
លោក អ៉ិត សំហេង បានគាំទ្រសកម្មភាពស្រាវជ្រាវរបស់វិទ្យាស្ថាន CDRI នាពេលកន្លងមក ដែលកំពុងបន្តការសិក្សាលើគម្រោងមួយចំនួនពាក់ព័ន្ធការអប់រំ និងបណ្តុះបណ្តាល សម្រាប់២ឆ្នាំខាងមុខ មានដូចជាការលើកកម្ពស់នវានុវត្តន៍ នៃវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា និងការស្រាវជ្រាវ កិច្ចសន្ទនាគោលនយោបាយ និងកម្មវិធីអភិវឌ្ឍសមត្ថភាពក្នុងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងឲ្យការសិក្សាស្រាវជ្រាវនេះ ទទួលបានលទ្ធផលកាន់តែប្រសើរ និងមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល ក៏ដូចជាឯកសារយោងសម្រាប់អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងនិស្សិត។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានស្នើឱ្យវិទ្យាស្ថាន CDRI បន្ថែមនូវការសិក្សាស្រាវជ្រាវពីការ ឆ្លើយតបនូវតម្រូវការជំនាញដែលអាចឆ្លើយតបបានទៅនឹងការធ្វើ
ពិពិធកម្មសេដ្ឋកិច្ច ដូចជា កសិឧស្សាហកម្ម ការកែច្នៃផលិតផល និងឧស្សាហកម្មផ្សេងៗទៀត ដែលអាចស្រូបយកកម្លាំងពលកម្មមានជំនាញ ដើម្បីងាយស្រួលក្នុងការស្វែងរកឱកាសការងារ និងដើម្បីធានានិរន្តរភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅធានាបានថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ ជាពិសេសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យឈានឡើងមួយកម្រិតទៀត។
លោក អ៉ិត សំហេង បានបន្តទៀតថា បច្ចុប្បន្នទីផ្សារកម្ពុជាមានតម្រូវការកម្លាំងពលកម្មក្នុងវិស័យ TVET យ៉ាងច្រើន ប៉ុន្តែយុវជនបែរជាមិនសូវងាកមកសិក្សាក្នុងវិស័យនេះទៅវិញ ដែលនេះក៏ជាការស្នើរបស់លោកទៅកាន់វិទ្យាស្ថាន CDRI ឱ្យធ្វើការសិក្សាស្រាវជ្រាវផងដែរ ដើម្បីជំរុញឱ្យយុវជនបែរមកស្វែងរកការសិក្សាក្នុងវិស័យ TVET នេះវិញ។
លោក ប៉ិច សុខេម បានបង្ហាញការប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្រេចបានលទ្ធផលនៃការសិក្សាស្រាវជ្រាវខាងមុខទៀត ដើម្បីគាំទ្រលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យ TVET៕